កីឡា

បិទវគ្គបណ្ដុះបណ្ដាល សាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹក កីឡាអត្តពលកម្ម CECS កម្រិត១

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និង លោក Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាល គ្រូបង្វឹកកីឡា អត្តពលកម្មអន្តរជាតិ មកពីប្រទេស ស្រីលង្កានាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាល សាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹក កីឡាអត្តពលកម្ម CECS កម្រិត១ ទទួលបានការឧបត្តម្ភពី អង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS)នៅសាលប្រជុំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

វគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ រៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ។ វគ្គនេះមានសិក្ខាកាមមកពី តាមបណ្តាក្លិបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្ស កំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។

វគ្គបណ្ដុះបណ្ដាលមានរយៈពេល១០ថ្ងៃ ពោលគឺ ចាប់ពី ថ្ងៃទី ១១-២០ ខែមីនា ឆ្នាំ២០២៤ លោក Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះ បណ្ដាលគ្រូបង្វឹក កីឡាអត្តពលកម្មអន្តរជាតិ មកពី ប្រទេសស្រីលង្កា លោកជាគ្រូឧទ្ទេស ជ្រើសរើសចាត់ តាំងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាល កីឡាអត្តពលកម្ម ប្រចាំតំបន់អាស៊ី ជាអ្នកបង្រៀនផ្ទាល់ ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនធនធាន គ្រូបង្វឹកថ្នាក់ជាតិ-អន្តរជាតិជាតម្រូវការចាំបាច់ សម្រាប់ចូលរួម ក្នុងការអភិវឌ្ឍន៍ វិស័យកីឡាអត្តពលកម្ម ការជ្រើសរើសអត្តពលិក រៀបចំការបង្វឹកហាត់ហាត់ដល់កីឡាករ -កីឡាការិនី នៅតាមបណ្តា សាលារៀន ក្លឹបទូទាំងរាជធានីខេត្តឲ្យមានធនធានដែលមានសមត្ថភាពខ្ពស់ ចូលរួមក្នុងការ ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

លោកប្រធានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទាំងអស់ ទទួលបានយល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗទាំងទ្រឹស្តី និងអនុវត្តនៅលើទីលាន ដែលជាមូលដ្ឋាន និង ជាទុនសម្រាប់ បំពេញការងារភារៈកិច្ចជាក់ស្តែង ហើយក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកគ្រូអ្នកគ្រូ ប្អូនៗ ក្មួយៗ នឹងមាន សមត្ថភាពអាចយក ទៅប្រើប្រាស់ ក្នុងការរៀបចំការបង្វឹកហាត់ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអាចបន្តចូលរួមក្នុងកម្រិត គ្រូបង្វឹកអន្តរជាតិផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top