កីឡា

លោកអភិសន្តិបណ្ឌិត ស សុខា ៖ ជំរុញឲ្យជ្រើសរើស យុវជនឲ្យបាន ២០ ភាគរយ ក្នុងចំណោមអត្តពលិក ជម្រើសជាតិហ្វឹកហាត់ ត្រៀមការប្រកួត អន្តរជាតិនានា

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំ សហព័ន្ធនៅកិច្ចប្រជុំ គណៈកម្មាធិការ ប្រតិបត្តិថា សហព័ន្ធធ្វើការជ្រើសរើស កីឡាករ-កីឡាការិនីយុវជន ដើម្បីត្រៀមព្រឹត្តិការណ៍ការ ប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ខ្ពស់រឿងអាយុជាគោល ព្រោះការប្រកួត តាមប្រភេទកីឡានីមួយៗ មានលក្ខន្តិកៈច្បាប់កំណត់ប្រភេទអាយុ យុវជនចូលរួមខុសៗគ្នា ។

ឧបនាយករដ្ឋមន្រ្តី បានបន្តថា ដូច្នោះសូមតាមដាន ពិនិត្យមើលប្រភេទកីឡារបស់យើង នឹងជ្រើសរើសឲ្យត្រូវ តាមប្រភេទអាយុ បានកំណត់ជៀសវាង ការជ្រើសរើសខុសអាយុ ដល់ពេលប្រកួតគឺ លើសអាយុប្រកួតមិនបាន ធ្វើឲ្យខាតពេលវេលាក្នុងការបណ្តុះបណ្តាល។ ក៏បានណែនាំឲ្យថ្នាក់ដឹកត្រូវពិនិត្យ និងវាយតម្លៃ តាមបណ្តាលប្រទេស ក្នុងតំបន់អាស៊ាន លើប្រភេទកីឡាទូក ដើម្បីវាយតម្តៃចំណាត់នៅតំបន់អាស៊ានកម្ពុជា ស្ថិតនៅចំណាត់លេខប៉ុន្មាន និងពិភពលោកយើង នៅចំណាត់លេខប៉ុន្មាន ដើម្បីយើងដាក់ផែនការ សម្រួចសមត្ថភាព ពីមួយឆ្នាំទៅមួយឆ្នាំនិងមានការផ្លាស់ប្តូរ ឈានទៅរកគុណភាព ក្នុងការប្រកួតប្រជែង នាំយកមេដាយជូនជាតិ ។

លោកប្រធានបានចង្អុលបង្ហាញ ឲ្យអនុប្រធានត្រូវជ្រើសរើស យុវជនឲ្យបាន ២០ ភាគរយ ក្នុងចំណោមកីឡាករ-កីឡាការិនី ជម្រើសជាតិហ្វឹកហាត់ត្រៀម សម្រាប់ការប្រកួតអន្តរជាតិនានាក្នុងនោះ ក៏មានកីឡាករ-កីឡាការិនី យុវជនបម្រុងបន្ថែមពីចំនួន ៤ ទៅ៥ នាក់ ផងដែរ ។ ទន្ទឹមជាមួយគ្នានេះលោកប្រធាន សហព័ន្ធ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ យកចិត្តទុកដាក់ខ្ពស់ផងដែរ ចំពោះគ្រឿងញៀន ដោយតម្រូវ ឲ្យមានការធ្វើតេស រកសារៈធាតុញៀន សម្រាប់កីឡាករកីឡាការិនីជម្រើសជាតិ និងកីឡាករកីឡាការិនី តាមបណ្តាលរាជធានីខេត្តផងដែរ ។

លោកប្រធានសហព័ន្ធ ក៏បានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួត ចាប់ពីឆ្នាំ២០២៤នេះតទៅ សហព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ លើចលនាផ្សព្វផ្សាយ ដើម្បីឲ្យប្រទេសកីឡាទូក របស់យើងកាន់តែមានប្រជាប្រិយភាព ក្នុងការទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យងាក់មកគាំទ្រ និងឧបត្ថម្ភ ពិសេស គឺយុវជន ព្រោះយុវជនជាធនធាន ដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅពេលអនាគត ។ ជាមួយគ្នានេះ លោកក៏បានណែនាំបន្ថែម ឲ្យថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់ ការជ្រើសរើសប្រភេទ វិញ្ញសាទូក មានសក្កានុពល សម្រាប់ធ្វើការហ្វឹកហាត់ ដ្បិតវិញ្ញសាហ្វឹកហាត់នេះ សំខាន់ណាស់ វិញ្ញសាណា ដែលយើងមានប្រៀបកម្រិត មេដាយយើងក៏ទទួលបានច្រើន ៕

Most Popular

To Top