កីឡា

លោក បែរ មករា ៖ កោតសរសើរ និងវាយតម្លៃខ្ពស់ មន្រ្តីបច្ចេកទេស សហព័ន្ធ និងអាណាព្យាបាល ចូលរួមយ៉ាងសកម្ម ប្រកួតកីឡាហែលទឹក ជើងឯកយុវជន-យុវនារី ស.ស.យ.ក ២០២៤

ភ្នំពេញ ៖ លោក បែរ មករា នាយកផ្នែកកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីបច្ចេកទេស សហព័ន្ធខ្មែរកីឡាហែលទឹក និងអាណាព្យាបាល កីឡាករ -កីឡាការិនី ដែលបានចូលរួមគាំទ្រកូនៗ របស់លោកអ្នកយ៉ាងសកម្ម សម្រាប់ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើង ឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤នៅទីនេះ ។

លោកបានលើកឡើង ក្នុងឱកាសពិធីបិទព្រឹតិ្តការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024) ដែលមានកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងចំនួន ១២៧ នាក់នៅអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ក្រោមការសហការ រវាងសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសហព័ន្ធខ្មែរ កីឡាហែលទឹក ។

លោកបានបន្តថា ការប្រកួតនេះ បានបង្ហាញ ពីការរីកចម្រើនផ្នែកកីឡាហែលទឹកកម្ពុជា ពិសេសបានមើលឃើញ សកម្មភាពគាំទ្រ របស់អាណាព្យាបាល កីឡាករ-កីឡាការិនីយ៉ាងកុះកក ដែលជាសកម្មភាព មួយបង្ហាញ ពីការយកចិត្តទុកដាក់អាណាព្យាបាល ដល់កូនៗរបស់លោកអ្នក ព្រមទំាងជំរុញឲ្យយុវជន-យុវតី ចូលរួមសកម្មភាពកីឡា នៅទូទាំងប្រទេសកម្ពុជា ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា កីឡាករ-កីឡាការិនីវ័យក្មេងមកពីក្លិប និងសាលាចំនួន២០ ចំនួន១២៧នាក់បានចូលរួម ហើយនេះជាលើកទី១ការប្រកួតដោយមានកីឡាករ-កីឡាការិនីច្រើនសម្រាប់សហព័ន្ធ ក្នុងនោះកីឡាការិនី ៥០ នាក់ និងកីឡាករ ៧៧ នាក់ ។

លោកអគ្គលេខាធិការបានបន្តថា ការចូលរួមលើសពីការរំពឹង ទុកនេះ បង្ហាញឲ្យបានឃើញការចាប់អារម្មណ៍ ពីបណ្តាសាលាអន្តរជាតិ លើវិស័យកីឡាហែលទឹក ក៏ដូចជាក្លិបហែលទឹក តាមបណ្តាលរាជធានីខេត្តទំាង ២៥ នៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ អាចចូលរួមប្រកួតដូចជា កម្រិតទី១ កុមារ៉ា កុមារី អាយុពី១២ឆ្នាំ-១៣ឆ្នាំ (២០១២-២០១១) កម្រិតទី២២ កុមារ៉ា កុមារី អាយុពី១៤ឆ្នាំ-១៥ឆ្នាំ (២០១០-២០០៩) និងកម្រិតទី៣ យុវជន យុវនារី អាយុពី១៦ឆ្នាំ-១៧ឆ្នាំ (២០០៨-២០០៧) ៕

Most Popular

To Top