ភ្នំពេញ ៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយក មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អំណរឆ្នាំថ្មីនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមអម ដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទជាច្រើនរូប ។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ជាពិសេសត្រៀម ទទួលស្វាគមន៍ដំណើរ ចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលនឹង យាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៤នាទីយប់ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ ចំពោះគ្រួសារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
សូត្រមន្តតាមលក្ខណៈប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងរំឭកគុណ និង យកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅដល់ចាស់ៗ ជាព្រឹទ្ធាចារ្យកីឡាមួយចំនួន ដែលកំពុងមានសកម្មភាពបម្រើកីឡា ហើយក៏ជាពិធីមួយជាគំរូល្អសម្រាប់ក្មេងៗ ជំនាន់ក្រោយគោរពតាមផងដែរ ។
ពិធីនេះត្រូវបានរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណី របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃ នៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និង ជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ ។

ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង ៧ សន្តានដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ការប្រារព្ធពិធីសូត្រមន្ដ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ស្ថាប័នកីឡាកំពូលរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមហាគ្រួសារកីឡាជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិ សូមដណ្ដើមបានមេដាយជូនជាតិកាន់តែច្រើន៕


