ភ្នំពេញ៖ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ដ៏អស្ចារ្យដែលដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធាន ក្រោមប្រធានបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នឹងមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងមហាជនសិស្សនិស្សិតជាង ៣ម៉ឺននាក់ដោយធ្វើប្រកួតថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសធ្វើពិធីសន្តិសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ លោកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោក លឹម តុងហួត ប្រធានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតបាល់ទាត់ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម និងក្នុងនាមសម្តេច ជាគ្រូបង្វឹកកិត្តិយស ដើម្បីគៀងគរថវិកា ពីសប្បុរជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាល្ងាចថ្ងៃទី១ ឧសភា នៅពហុកីឡដ្ឋានអូឡាំពិក។
ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម គឺក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ). លោក ប៉ុន សុណារិន (ហៅ ខេម ) ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា លោក ខូវ ឆាយ ប្រធានក្រុមបាល់ទាត់គុនខ្មែរ លោក អ៊ឹង ឆាយ ក្រុមបាល់ទាត់ S&E All Star និងលោក ផាន់រុង ក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star )៕






