កីឡា

លោក ឈាង សុវណ្ណរតនា ៖ មេដាយទំាងនេះ ជាការខិតខំប្រឹងប្រែង របស់ក្រុមអត្តពលិក ការ៉ាតេកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៤ ប្រតិភូ នាយកបច្ចេកទេស មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាចំនួន ៣៩ នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ប្រតិភូកីឡាការ៉ាតេកម្ពុជា បានវិលត្រឡប់ មកដល់កម្ពុជាវិញហើយ ដោយនាំយកមេដាយ សរុប៧គ្រឿងថែមទៀត ។

លោក ឈាង សុវណ្ណរតនា អនុប្រធានប្រតិភូដឹកនាំ និងជាប្រធានក្លិបកីឡាការ៉ាតេហនុមាន បានមានប្រសាសន៍ថា ការប្រកួតកីឡាការ៉ាតេ ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំនេះ ក្រុមកីឡាការ៉ាតេកម្ពុជា ទទួលបានមេដាយ ចំនួន ៧គ្រឿង ក្នុងនោះមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ។
លទ្ធផលទំាងនេះ ជាជោគជ័យមួយល្អប្រសើរ សម្រាប់ការ៉ាតេកម្ពុជា ដោយសារតែកីឡាក្នុងសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន រហូតដល់ការដឹកនាំ របស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ការ៉ាតេតែងតែនាំលទ្ធផលល្អ មកជូនជាតិជានិច្ច ។

លោកបានបន្តថា ទោះបីជាយើងមិនទទួល បានមេដាយមាសក៏ដោយ ក៏ទទួល បានមេដាយប្រាក់ និងមេដាយសំរិទ្ធ ជូនជាតិដែរ ហើយលទ្ធផល នៃការដណ្តើមបានជាការខិតខំប្រឹង ប្រែងរបស់ក្រុមអត្តពលិកការ៉ាតេកម្ពុជា អាចចាត់ទុកជាលទ្ធផល ល្អប្រសើរណាស់ ហើយការប្រកួតបន្តបន្ទាប់ទៀត នៅពេលខាងមុខ នឹងធ្វើឲ្យបានលទ្ធផល ល្អប្រសើរជាងពេលនេះទៀត ។

លោក ហេង ផេង ប្រធានក្រុមដឹកនាំជម្រើសជាតិ បានឲ្យដឹងថា ការចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១នៅប្រទេសថៃនេះ កីឡាករ-កីឡាការិនីកម្ពុជាមានកម្រិតបច្ចេកទេស និងសមត្ថភាពប្រដមប្រសងនិងហ្វីលីពីន ខណៈប្រទេសឥ ណ្តូនេស៊ី ថៃ និងវៀតណាមជាប្រទេសខ្លាំងៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏មានវិញ្ញាសាខ្លះ មានឈ្នះមាន ចាញ់ផងដែរ ។ ដូច្នោះការវាស់ស្ទង់នាពេលនេះ អ្វីដែលជាចំណុចខ្វះខាតយើងនឹង ពង្រឹងបន្ថែមឈានទៅទទួល បានលទ្ធផលល្អមកជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ ។
ចំពោះលទ្ធផលមេដាយសំរឹទ្ធ ៥ គ្រឿងរួមមានវិញ្ញាសាកាតាក្រុមនារី៖កីឡាការិនីថាត ឆេងហ័ង កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី រឹទ្ធ គីមលាង ។ វិញ្ញាសាកាតាក្រុម បុរស បានទៅលើកីឡាករ ហូ ហេង កីឡាករ ថេង គឹមឈា កីឡាករ ឆេងច័ន្ទដារ៉ារតនៈ កីឡាករ តាយ គីមឈ័ង ។

ចំណែកវិញ្ញាសាប្រយុទ្ធ៖កីឡាករ ជ្រុន វិរៈបុត្រ ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧គីឡូក្រាម កីឡាករ សូត ផានិត ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម កីឡាករ ស្រៀង វិរៈ ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨៤ គីឡូក្រាម កីឡាករ ទេព ស្ទីវយុទ្ធថាណា ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨៤ គីឡូក្រាម ទម្ងន់ ៥៥ មេដាយ ប្រាក់ ១គ្រឿង និងវិញ្ញាសាប្រយុទ្ធ បុរស ជាក្រុម ( ស្រៀង វិរៈ, សូត ផានិត , លី គួយហាវ , ជ្រុន វិរៈបុត្រ , ដែក សុវណ្ណរតនព , ងួន សុខក្រៃលែង , ឈាវ រក្សា)ទទួលបាន មេដាយ សំរឹទ្ធ ១គ្រឿង
សហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជា ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ នេះបានបញ្ជូនក្រុមប្រតិភូ នាយកបច្ចេកទេស មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ -កីឡាការិនីការ៉ាតេ៣៩ នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ។

កម្ពុជាបានបញ្ជូនចូលរួមដូចជា ប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ ១រូប នាយកបច្ចេកទេស ១ រូប មន្រ្តីបច្ចេកទេស ១រូប អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ៤ រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ៤ រូប កីឡាការិនី ៨ រូប និងកីឡាករ ១៨ រូប សរុបទំាងអស់ ៣៩ រូប ។

ចំពោះការប្រកួតកីឡាការ៉ាតេជ្រើសរើសអាស៊ីអាគ្នេយ៍លើកទី១១ ក៏មាន ១១ ប្រទេសចូលរួម រួមមាន ប្រទេស កម្ពុជា ប្រទេស ឡាវ ប្រទេស មីយ៉ាន់ម៉ា ប្រទេស វៀតណាម ប្រទេស សិង្ហបូរី ប្រទេសម៉ាឡេស៊ី ប្រទេស ឥណ្ឌូនេស៊ី ប្រទេស ប្រុយណេ ប្រទេស ហ្វីលីពីន ប្រទេសទីមរ និងប្រទេសម្ចាស់ផ្ទះការប្រកួតនោះ គឺថៃ៕
ដោយ៖លី ភីលីព

Most Popular

To Top