ភ្នំពេញ ៖ លោកស្រី កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងជាប្រធានកិត្តិយស ក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ បានចូលរួមបរិច្ចាគប្រាក់រង្វាន់ នៃការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចំនួន ៤០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ក្នុងនាមមហាគ្រួសារ បាល់ទាត់វិសាខា ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងគំនិតផ្ដួចផ្ដើម របស់លោកជំទាវប្រធាន យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្ដី សោមនស្សរីករាយ និងគាំទ្រ ចំពោះការបរិច្ចាគប្រាក់រង្វាន់ មួយផ្នែក ដែលទទួលបានពីការដណ្ដើមបានជយលាភីលេខ៣ នៃពានរង្វាន់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) សម្រាប់ជួយដល់ការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុង ត្រូវការ សម្រាប់ព្យាបាលដល់កុមារកម្ពុជា តាមរយៈព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ នៅរសៀលថ្ងៃពុធនេះ ដែលនឹងធ្វើឡើងក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

សម្រាប់ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌ខាងលើ នឹងមានការប្រកួតចំនួន ២គូ ដោយគូទី១ គឺជាការជួបគ្នារវាងក្រុម Vloggers All Star និងក្រុមបាល់ទះ S&E All Star និងគូទី២ ជាការជួបគ្នារវាងក្រុមCambodia Football Super Stars និងក្រុម Kun Khmer All Star ។ អ្វីដែលពិសេស សម្រាប់ក្រុមបាល់ទាត់ Cambodia Football Super Stars នឹងមានការអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដឹកនាំផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាគ្រូបង្វឹកកិត្តិយស ។ រីឯទស្សនិកជន អាចចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង ២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏នឹងមានទស្សនីយភាព សិល្បៈកម្សាន្ដជាច្រើនផងដែរ ៕



