បាត់ដំបង៖សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាននៅមណ្ឌលហែលទឹកបាត់ដំបង។
លោក ហែម គីរី បាននិយាយថា ដោយទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តថវិកាគាំទ្រសម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្នាំ២០២៤ សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលហែលទឹកបាត់ដំបង ស្ថិតក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។

លោកអគ្គលេខាធិការបានបន្តថា ឆ្លងកាត់សិក្សាជាច្រើនថ្ងៃសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០ ភាគរយ និង
និទ្ទេសល្អបង្គួរ ៣០ភាគរយ។ សិក្ខាកាមទាំងអស់យល់ដឹងយ៉ាងឆាប់រហ័ស ក្នុងការសិក្សាវគ្គបណ្តុះបណ្តាលខាងលើព្រោះភាគច្រើនសុទ្ធសឹងតែជាមន្រី្តពាក់ព័ន្ធក្នុងកីឡា និងជាគ្រូអប់រំកាយ និងកីឡា ។

សន្និដ្ឋាន ៖ ដោយទទួលបានការឯកភាពលោកឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធ ជាពិសេសក្រោមការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា និងមានការសហការពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សាកលវិទ្យាល័យជាតិបាត់ដំបង និងភាគីពាក់ព័ន្ធមួយចំនួន ទើបអាចធ្វើឱ្យដំណើរការវគ្គសិក្សាមួយនេះសម្រេចបានជោគជ័យ។

សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការសិក្សានូវចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តផ្ទាល់ នៅលើទីលាន ។


ការបង្កើតវគ្គនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ នឹងបទបង្ហាញបច្ចេកទេសថ្មីៗ របស់កីឡាហែលទឹក ដល់សិក្ខាកាមដែលពុំធ្លាប់បានសិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក ក៏ដូចជាបង្កើននូវធនធានគ្រូបង្វឹក ដើម្បីបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីហែលទឹកនៅក្នុងខេត្តមួយនេះ ឱ្យក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីជម្រើសជាតិនាពេលអនាគត និងត្រៀមចូលរួមការប្រកួតកីឡាហែលទឹក ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក៕
ដោយ៖លី ភីលីព
