ក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា កីឡាការិនី Kong Man Wai Vivian មកពីទីក្រុងហុងកុង ប្រទេសចិន បានដណ្ដើមបានមេដាយមាសលើវិញ្ញាសាគុនដាវ (ចាក់សាប)ឯកត្តជននារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានផ្តួលកីឡាការិនីម្ចាស់ផ្ទះ Auriane Mallo-Breton ក្នុងលទ្ធផល ១៣-១២។
កីឡាការិនី Kong បានយកឈ្នះការចាប់ផ្តើមការប្រកួតមួយៗនៅចំពោះមុខហ្វូងអ្នកទស្សនាដ៏ច្រើនកុះករនៅទីលាន Grand Palais ដោយនាងប្រើទិចនិចយ៉ាងច្រើនដើម្បីយកឈ្នះលើគូប្រកួតកីឡាការិនីម្ចាស់ផ្ទះ Auriane Mallo-Breton នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនីវ័យ ៣០ ឆ្នាំរូបនេះដណ្តើមបានមេដាយមាសកីឡាអូឡាំពិកទី២ ឲ្យទីក្រុងហុងកុង បន្ទាប់ពីកីឡាករ Cheung Ka Long បានមេដាយមាសឯកត្តជនបុរសនៅទីក្រុងតូក្យូ។
ម្ចាស់មេដាយមាសបានទៅលើ កីឡាការិនី Kong Man Wai Vivian មកពីទីក្រុងហុងកុងប្រទេសចិន ម្ចាស់មេដាយប្រាក់បានទៅលើ កីឡាការិនី Auriane Mallo Breton មកពីប្រទេសបារាំង និងមេដាយសំរឹទ្ធបានទៅលើ កីឡាការិនី Eszter Muhari មកពីប្រទេសហុងគ្រី៕