កីឡា

ប្រកួតយុទ្ធគុន ចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងគោលបំណង គាស់រំលើងឡើងវិញ នូវក្បាច់គុនចម្រុះ របស់ដូនតាខ្មែរ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្ដើមជាផ្លូវការហើយ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ច បានធ្វើសន្និសីទកាសែត ប្រកាសពីការបើកកម្មវិធីបានចាប់ផ្ដើម នៅទីស្ដីការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ។

ក្នុងឱកាសនេះដោយមានការអញ្ជើញ ពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ប្រធានគណៈកម្មការចំពោះកិច្ច រៀបចំការប្រកួតព្រឹត្តិការណ៍យុទ្ធគុនចម្រុះ លោក វ៉ាត់ ចំរើន អនុប្រធានគណៈកម្មការអចិន្រៃ្តយ៍ និងរដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាសមាជិកគណៈកម្មការចំពោះកិច្ច ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាស៍ថា តាមពិតទៅការបង្កើតឲ្យមានជាព្រឹត្តិការណ៍កើតចេញពីគំនិតផ្ដួចផ្ដើមដ៏ខ្ពស់ខ្ពស់របស់សម្ដេចធិបតី ក្នុងគោលបំណងងដើម្បីគាស់រំលើងឡើងវិញនូវក្បាច់គុនចម្រុះរបស់ដូនតាខ្មែរ។ សម្ដេចបានដឹងច្បាស់ថា កន្លេងមកនេះក្រោមការខិតខំ ប្រឹងប្រែងរបស់ក្រសួងអប់ និង NOCC និងបណ្ដាសហព័ន្ធគុនខ្មែរ យុទ្ធគុនចម្រុះ ល្បុក្កតោ និងយុទ្ធក្រមខម។

លោក ទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមជាកូនខ្មែរ យើងនៅសល់ក្បាច់គុនច្រើនទៀតមានក្បាច់ដំបង ស្រង៉ែពែន ដូច្នេះសម្ដេចក៏ឲ្យពួកយើង ខិតខំស្រាវជ្រាវឡើងវិញ ដើម្បីចងក្រង និង អភិរក្សឲ្យបានល្អត្រូវតែខិតខំស្រាវជ្រាវ រៀបចំការប្រកួតឲ្យបានច្រើន ក្នុងការអភិវឌ្ឍន៍ ត្រូវតែរៀបចំការប្រកួត ឲ្យបានច្រើន រៀបចំបទបញ្ជាបច្ចេកទេសឲ្យបានច្បាស់លាស់។ ឆ្នាំដំបូងរៀបចំនៅក្រុងភ្នំពេញ ហើយទៅឆ្នាំបន្ទាប់យើងអាចបន្តទៅក្រុងសៀមរាប បាត់ដំបង និងខេត្តសំខាន់ៗមួយចំនួនទៀត ។

លោក វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បើកចំហដល់អ្នកចង់ចូលរួមទាំងអស់ អាចធ្វើការដាក់ពាក្យ បានឲ្យតែចេះក្បាច់គុនដូនតាខ្មែរ ហើយមានអាយុតិចជាង៦៥ឆ្នាំ។ ពោលគឺឲ្យតែអាចលេងបាន អាចប្រកួត បានអាចសម្ដែងបាន អាចចូលរួមបានគឺ អាចមកដាក់ពាក្យបានហើយ បើទោះមកគេមិនស្គាល់ក៏ដោយឲ្យតែគាត់មានភស្តុតាងច្បាស់លាស់ថា ខ្លួនបានហាត់ក្បាច់គុនដូនតាខ្មែរ ។

លោកបានបន្តថា បទបញ្ជាការប្រកួតចែកជា២ផ្នែក ១ផ្នែកប្រយុទ្ធ មួយទៀតសម្ដែង បើអ្នកមានទេពកោសល្យខាងសម្ដែងក៏ទទួលបានការសម្ដែង និងប្រឹងប្រែងហ្វឹកហាត់សម្រួច ទៅរកការសម្ដែង របស់ខ្លួន ។ ក្នុងករណីមានទេពកោសល្យផ្នែក ប្រយុទ្ធគឺត្រូវសម្រួចសមត្ថភាព របស់ខ្លួនឆ្ពោះទៅរក ការប្រកួតបែបប្រយុទ្ធ ៕
ដោយ៖លី ភីលីព

Most Popular

To Top