កីឡា

លោក វ៉ាត់ ចំរើន៖ ទិវាកីឡាអាស៊ានធ្វើឡើងប្រជាជនក្នុងសហគមន៍អាស៊ាន ចូលរួមលេងកីឡាគ្រប់ប្រភេទ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការរៀបចំទិវាកីឡាអាស៊ាននាពេលនេះ គឺជាការបំផុសឲ្យប្រជាជនកម្ពុជាក៏ដូចប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូលចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីលើកកម្ពស់សុខភាពប្រជាជន រឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងគ្នា និងលើកកម្ពស់វិស័យកីឡារដ្ឋសមាជិកអាស៊ានផងដែរ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងឱកាសទិវាកីឡាអាស៊ានឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងសាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

លោករដ្ឋលេខាធិការបានបន្តថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ ទាំងក្នុងតំបន់ និងនៅl;ពិភពលោក។ បច្ចុប្បន្នពិភពលោកបានទទួលស្គាល់ថា កីឡា គឺជាឧបករណ៍មួយដ៏សំខាន់ ដើម្បីទទួលបានសុខភាពល្អ ភាពជោគជ័យក្នុងការងារ និងការរស់នៅ ប្រកបដោយភាពសុ ខដុមនីយកម្ម។ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តវេន បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាអាស៊ាន ដែលជាផ្នែកមួយឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយធ្វើយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ស្របតាមផែនការរបស់អាស៊ាន៥ឆ្នាំ ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ ។

លោកលោក ប៉ុន សុខ បាននិយាយថា ការរៀបចំទិវាកីឡាអាស៊ានដែលនឹងកំពុងប្រារព្ធនាពេលនេះក្នុងគោលបំណង រំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន ផ្សព្វផ្សាយ បំផុសឲ្យប្រជាជន នៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ការការពារ និងអភិរក្សកីឡាប្រពៃណី និងល្បែងប្រជាប្រិយ ឲ្យក្លាយជាកីឡាទំនើប ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ នៅក្នុងតំបន់ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។

ប្រភេទកីឡាដែលត្រូវរៀបចំនួន៦៖ កីឡាអត្តពលកម្ម ហាត់ប្រាណតាមចង្វាក់ភ្លេង កីឡាបាល់ទាត់ បុរស កីឡាបាល់ទះ កីឡាបាល់បោះ និងការសម្តែងកីឡាប្រដាល់គុនខ្មែរ។ ការប្រកួតគ្រប់ប្រភេទកីឡា មិនមានពានរង្វាន់ ឬជើងឯកទេ គឺដើម្បីភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាព សុខភាព និងអបអរទិវាកីឡាអាស៊ាន នៃថ្ងៃកំណើតរបស់សហគមន៍អាស៊ាន៕

ដោយ៖ លីភីលីព

Most Popular

To Top