ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្កើតកម្មវិធី “ការប្រកួតហែលទឹកកុមារ ស.ខ.ហ (KSF children Swimming Competition) ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមកុមារា -កុមារីដែលបានហ្វឹកហាត់ជាមួយគ្រូបង្វឹកសហព័ន្ធ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ និងតាមសាលារៀនឯកជនអន្តរជាតិ ព្រមទំាងក្លិបកីឡាហែលទឹកនានា។
លោកបានឡើងក្នុងឱកាសនៃការប្រកួតហែលទឹកកុមារ ស.ខ.ហ ( KSF children Swimming Competition ) មានក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី ៤៥នាក់លើ ៣ អាយុ គឺ៧-៨ ឆ្នាំ ៩-១០ ឆ្នាំ និង១១-១២ ឆ្នាំរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។


លោកអគ្គលេខាធិការបានបន្តថា ការប្រកួតខាងលើកនេះមិនផ្តោតទៅលើការឈ្នះចាញ់ឡើយ អ្វីដែលសំខាន់បំផុត គឺកាចូលរួមកុមារា -កុមារីឲ្យបានច្រើន ជាពិសេសទំាងអាណាព្យាបាល និងក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី ព្រោះលោកចង់ឲ្យអាណាព្យាបាលបានមើលឃើញសមត្ថភាពកូនៗ និងលើកទឹកចិត្តកូនៗ ។


ការប្រកួតនេះដើម្បីឲ្យក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនីយល់ដឹងកាន់តែច្បាស់ពីរបៀបប្រកួត និងការផ្តល់កម្លាំងចិត្ត។ ការប្រកួតបែបនេះជាឱកាសសម្រាប់សហព័ន្ធក្នុងការពិនិត្យមើលសមត្ថភាពក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងដែលធនធានពិសេសនាពេលអនាគត។

លោកបានបន្ថែមថា ការប្រកួតខាងលើនេះធ្វើឡើងបង្កើតភាពសប្បាយរីករាយរវាងកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង អាណាព្យាបាល និងគ្រូបង្វឹក ហើយការចេះហែលទឹក គឺជាការចេះជួយសង្គ្រោះកូនរបស់អាណាព្យាបាលគ្រប់រូប ពីព្រោះប្រសិនបើមិនចេះហែលទឹកធ្វើឲ្យកូនមានគ្រោះថ្នាក់ជាច្រើនដូចជា ការធ្វើដំណើរតាមទឹក និងលេងទឹកក្តី បើចេះហែលទឹកនឹងមានសុវត្ថិភាពខ្ពស់៕
ដោយ៖ លី ភីលីព
