កីឡា

លោកអាជ្ញាកណ្តាល Champions League ត្រូវបានចាប់ខ្លួនពីបទលួចស្លាកសញ្ញាចរាចរណ៍

ប៉ូឡូញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Bartosz Frankowski និងលោក Tomasz Musial ជាអាជ្ញាកណ្តាលបាល់ទាត់ជនជាតិប៉ូឡូញ ២នាក់ ដែលបានធ្វើការក្នុងការប្រកួត Champions League ត្រូវបានចាប់ខ្លួនពីបទលួចស្លាកសញ្ញាចរាចរណ៍ ខណៈនៅពេលអ្នកទំាង ២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង។

យោងតាមទូរទស្សន៍ TVP Sport បាននិយាយថា លោក Frankowski លោក Musial និងមនុស្សម្នាក់ទៀតបានលួចផ្លាកសញ្ញាផ្លូវ ហើយយកវាទៅមជ្ឈមណ្ឌលលក់ទំនិញក្នុងទីក្រុង Lublin ប្រទេសប៉ូឡូញ កាលពីព្រឹកថ្ងៃអង្គារ។ ពួកគេត្រូវបានប៉ូលិសចាប់ខ្លួនពីបទបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

លោក Frankowski និងលោក Musial ទាំង២ ស្រវឹងដោយមានជាតិអាល់កុលលើសពី ១.៥MG ក្នុងឈាម ហើយត្រូវបាននាំទៅមជ្ឈមណ្ឌលស្តារនីតិសម្បទារយៈពេលខ្លីសម្រាប់បន្សាប់ជាតិស្រវឹង ដែលជាកន្លែងប្រើប្រាស់ដោយប្រទេសជាច្រើននៅអឺរ៉ុប នៅពេលជនល្មើសមិនជាប់ពន្ធនាគារ។

សមាគមកីឡាបាល់ទាត់ប៉ូឡូញ (PZPN) បាននិយាយថា ខ្លួននឹងវិភាគស្ថានភាពយ៉ាងលម្អិតទាក់ទងនឹងរបាយការណ៍នៃទង្វើមិនសមរម្យរបស់អាជ្ញាកណ្តាលលោក Frankowski និងលោក Musial ។ អ្នកទាំង២ ទំនងជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះការបង្ខូចកេរ្តិ៍ឈ្មោះអាជ្ញាកណ្តាលប៉ូឡូញក្នុងកម្រិត Champions League។

នៅល្ងាចថ្ងៃអាទិត្យ UEFA បានបញ្ជាក់ថា អាជ្ញាកណ្តាលរបស់លីទុយអានី Donatas Rumsas នឹងដឹកនាំការប្រកួតរបស់ Dynamo Kiev ទល់នឹង Rangers ក្នុងជើងទីមួយនៃវគ្គជម្រុះជុំទីបីនៃ Champions League នៅថ្ងៃអង្គារដោយមាន Frankowski និង Musial ជាអាជ្ញាកណ្តាល VAR ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក UEFA បានបញ្ជាក់ថា អ្នកទាំង២ ត្រូវបានដកហូតភារកិច្ច ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម៕

Most Popular

To Top