ភ្នំពេញ ៖ កីឡាករ-កីឡាការិនីកីឡា តេក្វាន់ដូ ITF កម្ពុជាដណ្តើមេដាយប្រាក់ ២ គ្រឿងទៀតលើវិញ្ញាសាមេគុនជាក្រុមបុរស និងនារីក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីចាញ់ម្ចាស់ក្បាច់គុន ។

ចំពោះមេដាយប្រាក់ ២ គ្រឿងនេះលើវិញ្ញាសាមេគុន ជាក្រុមនារី និងជាក្រុមបុរស ក្រោយពីចាញ់ម្ចាស់ក្បាច់គុនប្រទេសកូរ៉េខាងជើងនៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ កីឡាករតេក្វាន់ដូ ITF តាំង សៀ សុង ឈ្នះបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាមេគុន ក្រោយពីចាញ់កីឡាករកូរ៉េនាវគ្គផ្តាច់ព្រ័ត្រ ចំណែកកីឡាករតេក្វាន់ដូ ITF សម្បិត្ត សុវណ្ណរ៉េន ឈ្នះមេដាយសំរិទ្ធ ចាញ់កីឡាករកូរ៉េដែរ។

គិតថ្ងៃទី២២ ខែសីហា នេះ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។
ជម្រើសជាតិតេក្វាន់ដូ ITF បានបញ្ជូនកីឡាករ -កីឡាការិនី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ជ្រើសរើសជើងឯកអាស៊ី លើកទី១០នេះ មានចំនួន២៧រូប ក្នុងនោះប្រធានប្រតិភូ មន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីផងដែរ ។ ក្រុមអត្តពលិកនឹងចេញដំណើរនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រួចនឹងត្រឡប់មកកម្ពុជាវិញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ៕

