ភ្នំពេញ៖ បណ្ឌិត្យសភាតេក្វាន់ដូ W T កម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ W T (World Tae kwondo) នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចាប់ផ្តើមបើកការប្រកួតថ្នាលជើងឯកថ្នាក់ជាតិ Hope 2029 “ Hope Poomsae Taekwondo Competition 2029 ” ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីវ័យក្មេងជាច្រើននៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិ។
ក្នុងឱកាសការប្រកួតនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សក្ខិដា អគលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ W T លោក ហែម សំណាង ប្រធានអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលកម្រិតអន្តិជាតិ និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងនិងគណៈកម្មការប្រកួត។






លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងគណៈកម្មការប្រកួត បានឲ្យដឹងថា ការប្រកួតនេះអនុញ្ញាតឲ្យតែកីឡាករ-កីឡាការិនីដែលមានកម្រិតខ្សែក្រវ៉ាត់ពណ៌លឿងរហូតពណ៌ក្រហមលាយខ្មៅ ហើយអត្តពលិកទាំងអស់មានសិទ្ធិប្រកួតបានតែវិញ្ញាសាមួយប៉ុណ្ណោះ ជាផែនការសម្រាប់ដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។


លោក ហែម សំណាង បាននិយាយថា ការប្រកួតយុវជនថ្នាលជើងឯកថ្នាក់ជាតិ “Hope 2029” សម្រាប់មានយុវជន-យុវតីក្នុងវិញ្ញាសាមេគុនចាប់ពីអាយុ ៩ឆ្នាំ រហូតដល់ ១៤ ឆ្នាំបុរសនារីដែលគណៈកម្មការកំណត់ ដើម្បីស្វែងរកកីឡាករ-កីឡាការិនី ដែលមានសក្តានុពល សម្រាប់ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
ការប្រកួតនេះក្លិបកីឡាតេក្វាន់ដូ វិទ្យាល័យហ៊ុនសែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាលដណ្តើមមេដាយសរុបចំនួន១៣ គ្រឿង ក្នុងនោះមេដាយមាស ៥ មេដាយប្រាក់ ៥ និងមេដាយសំរិទ្ធ ៣គ្រឿង ជាប់ចំណាត់ថ្នាក់លេខ៣៕
ដោយ៖លី ភីលីព
