ភ្នំពេញ៖ វគ្គសិក្ខាសាលាការអភិវឌ្ឍន៏កីឡាវាយកូនបាល់អាស៊ីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បើកជាផ្លូវការដោយមានការអញ្ជើញចូលរួមពីលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មន្រ្តីសហព័ន្ធ ព្រមទាំងអ្នកតំណាងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និង៣១ប្រទេសនៅតំបន់អាស៊ីសរុប ៦០ នាក់នៅសណ្ឋាគារ Courtyard Phnom Penh ។


វគ្គសិក្ខាសាលាការអភិវឌ្ឍន៏កីឡាវាយកូនបាល់អាស៊ីនេះមានរយៈពេល ៣ ថ្ងៃចាប់ថ្ងៃទី ៧ រហូតដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលសិទ្វិធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គ ស្របពេលដែលប្រទេសកម្ពុជាទទួលស្វាគមន៍ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ចំនួន ១៦ ប្រទេសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៩ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ ។


ចំណែកខាងកម្ពុជា កញ្ញា ស៊ុ ចិន្តា ជាអ្នកទទួលបន្ទុកសម្របសម្រួលរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងធ្វើបទបង្ហាញការអភិវឌ្ឍន៏កីឡាវាយកូនបាល់កំពុងមានការរីកចម្រើនផ្នែកយុវជន និងពេញវ័យនៅកម្ពុជា ក្រោមការដឹកនាំដោយលោកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា។ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ឆ្នាំ (ATF Asian 14U Junior Championship 2024) និងវគ្គសិក្ខាសាលាការអភិវឌ្ឍន៏កីឡាវាយកូនបាល់អាស៊ីលើកទី២ ដូច្នេះដើម្បីបង្ហាញផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជា និងអន្តរជាតិមើលឃើញអំពីការរីកចម្រើនផ្នែកវិស័យកីឡាវាយកូនបាល់កម្ពុជាទៀតផង៕
ដោយ៖ លី ភីលីព
