កីឡា

អង្គការផ្កាយសមុទ្រនឹងបង្ហាញពីការលើកកម្ពស់យុវជន តាមរយៈកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally ដែលជិតមកដល់ក្រុងសៀមរាបឆាប់ៗនេះ

ក្រុងសៀមរាប៖អង្គការផ្កាយសមុទ្រមានក្តីសោមនស្សប្រកាសអំពីការចូលរួមក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally ដែលនឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេង ក្នុងនោះមានកុមារា ១៥នាក់ និងកុមារី ១៥នាក់ ដែលនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច ព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជម្រុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ជាដើម ។


កីឡាករវ័យក្មេងៗទាំងនេះ ដែលបានឆ្លងកាត់ការបង្វឹកពីគ្រូបង្វឹកបាល់ ទាត់អង្គការផ្កាយសមុទ្រចំនួន ៦រូប នឹងមកជួបជុំគ្នាបង្ហាញពីសារៈសំខាន់នៃកីឡា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតជម្រុញការផ្លាស់ប្តូរក្នុងសង្គម ដោយនាំមកនូវសមភាព និងការចូលរួម ។


 កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលទទួលបានការគាំទ្រពី Laureus Sport for Good អស់រយៈពេលជាច្រើនមក គឺមិនមែនគ្រាន់តែជាការហ្វឹកហាត់បាល់ទាត់នៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបញ្ចូលការរៀនសូត្រជំនាញ បំណិនជីវិត និងគុណតម្លៃ ដើម្បីជួយកុមារកសាងអនាគតដ៏ត្រចេះត្រចង់ផងដែរ ។

បន្ថែមពីនេះទៀត ព្រឹត្តិការណ៍មួយនេះក៏ជាឱកាសដ៏វិសេសសម្រាប់សាធារណជនក្នុងការមើលឃើញដោយផ្ទាល់នូវគុណតម្លៃដ៏ធំរបស់កីឡា ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អង្គការផ្កាយសមុទ្រក្នុងការបណ្តុះកុមារ និងយុវជនកម្ពុជា ដែលជាអ្នកដឹកនាំជំនាន់ក្រោយទៀតផង ។
 
អ្នកស្រី ជួប វិច្ឆិកា  ជាអគ្គនាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា “ពួកយើងពិតជាមានមោទនភាព យ៉ាងធំធេង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅក្រុងសៀមរាប ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជា ព្រឹត្តិការណ៍កីឡាបាល់ទាត់ទេ តែវាក៏បង្ហាញពីភាពខ្លាំង និងទេពកោសល្យរបស់កីឡាករកីឡាការនីវ័យក្មេងរបស់យើងផង ដែរ ដែលសុទ្ធសឹងតែជាកុមារ និងយុវជនទទួលបានការគាំទ្រពីកម្មវិធីនានារបស់អង្គការជួយឲ្យពួកគេជំនះឧបសគ្គជាច្រើន រហូតដល់ជោគជ័យក្នុងជីវិត ”


 អង្គការផ្កាយសមុទ្រសូមអញ្ជើញសហគមន៍ក្នុងស្រុក ភ្ញៀវកិត្តិយស និងអ្នកគាំទ្ររបស់ Gumball 3000 Rally ទាំងអស់ឲ្យ ចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នៅមុខសណ្ឋាគារ Raffles ដើម្បីជួយលើកទឹកចិត្តកីឡាករវ័យក្មេងរបស់យើង ។ ការគាំទ្រ របស់អ្នកនឹងរួមចំណែកជួយឲ្យពួកគេបន្តអភិវឌ្ឍខ្លួន និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យបានខ្លាំងពូកែទាំងនៅក្នុង និង ក្រៅទីលានបាល់ទាត់ ៕
 

Most Popular

To Top