ខេត្តកំពង់ឆ្នាំង៖ លោកបណ្ឌិត មាស សារិន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក យិន សាវ៉េន អភិបាលរងនៃអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរអប់រំកាយ និងកីឡា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា លោកសូមកោតសរសើរដោយស្មោះដល់គណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកដែលបានសហការឲ្យដំណើរការវគ្គសិក្សាប្រព្រឹត្តទៅបាន និងសូមកោតសរសើរចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃដើម្បីចូលរួម។ អស់រយៈពេលជាង១០ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន និងសប្បុរសជននានា បានខិតខំប្រឹងប្រែងបំពេញតួនាទីនិងភារកិច្ច ក្នុងគោលបំណង ដើម្បីបម្រើសុខុមាលភាពជនបញ្ញាខ្សោយតាមរយៈសកម្មភាពកីឡា និងការកំសាន្តផ្សេងៗ ។

លោកអនុប្រធានអចិន្ត្រៃយ៍បានបន្តថា ទទ្ទឹមនឹងនេះ បណ្តុបះណ្តាលធនធានមនុស្សលើវិស័យកីឡា គឺជាតម្រូវការចាំបាច់ និងមានសារសំខាន់ក្នុងការពង្រឹង និងពង្រីកនូវរាល់សកម្មកីឡាជាសេវាកម្មបម្រើសុខុមាលភាព និងការប្រកួតនានា ក្នុងនោះជនបញ្ញាខ្សោយ ដែលជាជនងាយរងគ្រោះ និងជាបន្ទុករបស់អាណាព្យាបាល និងជាបន្ទុករបស់រដ្ឋាភិបាល ទើបគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបង្កើតឲ្យមានអនុគណៈកម្មាធិការរាជធានី ខេត្ត ជាបន្តបន្ទាប់រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពត បន្ទាយមានជ័យ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំងនាពេលនេះ ដើម្បីឆ្លើយតបនឹងតម្រូវការពង្រឹង និងជំរុញការអភិវឌ្ឍន៍ដល់មូលដ្ឋានក្រុមការងារ។



យើងបានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញឲ្យបានយល់ច្បាស់ពីសកម្មភាពកីឡាជនពិការខ្សោយសតិបញ្ញា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងថែរក្សា ហាត់ហ្វឹកហ្វឺនដល់ពួកគាត់។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នឹងបន្តបើកវគ្គបណ្តុះបណ្តាលនេះ រហូតគ្រប់រាជធានី ខេត្ត ដើម្បីឆ្លើយតបតម្រូវការចាំរបស់បងប្អូនជនពិការ និងគោលនយោបាយលើកស្ទួយជនពិការ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។



«ខ្ញុំសង្ឈឹមជឿជាក់ថា ក្រោយពីបញ្ចប់វគ្គសិក្សានេះ ទោះបីជាមានរយៈពេលខ្លីក្តី ក៏អស់លោក លោកស្រី បានទទួលចំណេះដឹងជាមូលដ្ឋានទាំងផ្នែកទ្រឹស្តី និងការអនុវត្ត យកទៅហ្វឹកហាត់ដល់បងប្អូនជនពិការខ្សោយសតិបញ្ញា នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីឱ្យពួកគាត់មានឱកាសចូលរួមលេងកីឡា និងការប្រកួតនានានៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងលើឆាកអន្តរជាតិ»៕
ដោយ៖លី ភីលីព
