ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកតំណាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញមកទទួលស្វាគមន៍លោកគ្រូបង្វឹក ហែម ថុនពន្លឺ និងកីឡាការិនីហែលទឹកជើងទា ហួន ទិត្យដាលីន នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។



លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ភាពជោគជ័យរបស់កីឡាការិនីហែលទឹកជើងទា ហួន ទិត្យដាលីន កើតឡើងពីការខិតខំប្រឹងប្រែង និងសមត្ថភាពផ្ទាល់ មិនមែនកើតឡើងចៃដន្យឡើយ ក្នុងនោះកីឡាការិនីរូបនេះដណ្តើមមេដាយសរុប៤គ្រឿង គឺប្រាក់២គ្រឿង សំរឹទ្ធ ២ គ្រឿងពីការប្រកួតព្រឹត្តិការណ៍ SEA WAVE Finswimming Round4 2024 នៅប្រទេសថៃ ។
លោក ហែម គិរី បានឲ្យដឹងថា កីឡាការិនីហែលទឹកជើងទា ហួន ទិត្យដាលីន នេះឪពុក-ម្ដាយរបស់របស់គេផ្ទាល់មានការយកចិត្តទុកដាក់ណាស់។ ជាក់ស្ដែងក្នុងការហ្វឹកហាត់កន្លងអ្នកមានគុណលោក ដាលីន ជូនទៅមកទាំងព្រឹក និងល្ងាច ដោយមិនមានការត្អូញត្អែរនោះទេ។


តាមរយៈការយកចិត្តទុកដាក់នេះជាផ្លែផ្កាឃើញថា ហួន ទិត្យដាលីន ពិតជាធ្វើបានល្អក្នុងការចេញទៅប្រកួតនៅថៃក្នុងព្រឹត្តិការណ៍នេះជាលើកទី១ ហើយលោក ហែម គិរី សូមធ្វើការអំពាវនាវដល់មាតាបិតាទាំងអស់ឲ្យមានការគាំទ្រ និងលើកទឹកចិត្តដល់កូនៗឲ្យចូលលេងកីឡាឲ្យបានច្រើនបន្ថែមទៀត។ គ្រប់ប្រភេទកីឡាមិនថាកីឡាណាណានោះទេឲ្យតែមានការជំរុញ និងលើកទឹកចិត្តច្បាស់ណាស់នាថ្ងៃមុខ នឹងទទួលបានជោគជ័យ។
សម្រាប់លទ្ធផលកីឡាការិនី ហួន ទិត្យដាលីន ប្រកួតលើប្រភេទវិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង និងវិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង៕
ដោយ៖លី ភីលីព
