ខ្សែប្រយុទ្ធ Crisitiano Ronaldo បានរំលឹកអំពីពេលវេលារបស់រូបគេនៅក្លឹប Manchester Untied ជាលើកទី ២ កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២។

រំលឹកអំពីពេលវេលានោះ កីឡាករវ័យ ៣៩ ឆ្នាំ Ronaldo បានប្រាប់អ្នកសារព័ត៌មានថា រូបគេពិតជាស្រាលាញ់ក្លឹប Manchester United។ រូបគេពិតជាសប្បាយរីករាយណាស់ នៅពេលដែលបានត្រលប់មកលេងឲ្យក្លឹប Manchester United។ រូបគេស្ថិតក្នុងចំណោមខ្សែប្រយុទ្ធដែលស៊ុតចូលទីច្រើនជាងគេនៅពេលនោះ។ កីឡាកររូបនេះ បានគូសបញ្ជាក់ថា កាលនោះរូបគេមានវ័យ ៣៧ ឆ្នាំទៅហើយ តែនៅតែបង្ហាញទម្រង់លេងល្អប្រសើរ។ រូបគេគឺជាខ្សែប្រយុទ្ធដែលស៊ុតចូលទី លេខ ៣ ប្រចាំលីគកំពូលអង់គ្លេស ។

Ronaldo គឺជាវីរបុរសរបស់ក្លឹប Manchester United។ កីឡាករលេងឲ្យក្លឹបចំនួនពីរលើក។ លើកទីមួយគឺពី ២០០៣ ដល់ ២០០៩។ ក្នុងអំឡុងពេលនោះ កីឡាករលេងសរុប ២៩២ ប្រកួត និងស៊ុតចូល ១១៨ គ្រាប់ ហើយជួយក្លឹបឈ្នះពានធំៗជាច្រើន។ នាពេលនោះហើយដែល កីឡាករ Ronaldo បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏កំពូលមួយមុនចេញទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០០៩។
លើកទីពីរគឺពី ២០២១ ដល់ចុង ២០២២ ។ កីឡាករលេងសរុប ៥៤ ប្រកួត និងស៊ុតចូលទីចំនួន ២៧ គ្រាប់។ នាពេល ២ រដូវកាលនេះ ក្លឹប Manchester United មិនជោគជ័យទេ ហើយដូរគ្រូជាច្រើនលើក ។ ពេលវេលាលើកទីពីរនេះ គឺជាពេលវេលាដ៏ចម្រូងចម្រាស់សម្រាប់អ្នកគាំទ្រ បិសាចក្រហម អំពីវីរបុរសក្លឹបរូបនេះ ។

អ្នកគាំទ្រខ្លះពេញចិត្តនឹងទម្រង់លេងរបស់ Ronaldo ហើយគិតថា ការលេងមិនល្អរបស់ក្លឹប គឺដោយសារក្រុមកីឡាករដទៃទៀតលេងមិនសូវបានល្អ ហើយ Ronaldo មិនមែនជាបញ្ហាដែលនាំឲ្យក្លឹបធ្លាក់ទម្រង់លេងនោះទេ ។ អ្នកគាំទ្រខ្លះទៀត គិតថា ពេលវេលាលើកទី ២ របស់ Ronaldo នៅបិសាចក្រហម មិនសូវជោគជ័យឡើយ ហើយគិតថាការធ្លាក់ទម្រង់លេង និងល្បឿនរបស់កីឡាកររូបនេះ ធ្វើឲ្យក្លឹបធ្លាក់សមត្ថភាពប្រកួតប្រជែង ហើយទាមទារឲ្យអ្នកចាត់ការក្លឹបដាក់ឲ្យ Ronaldo អង្គុយលើកៅអីបម្រុងដើម្បីបើកកន្លែងឲ្យកីឡាករប្រយុទ្ធក្មេងៗចូលលេងជំនួស។ លោក Erik Ten Hag យល់ស្របនឹងមតិនេះ។

ក្រោយចូលកាន់តំណែងជាអ្នកចាត់ការក្លឹប កាលពីពាក់កណ្ដាលឆ្នាំ ២០២២ លោក Ten Hag បានបង្ហាញសញ្ញាច្បាស់ៗថា នៅពេល Ronaldo មិនបង្ហាញទម្រង់លេងល្អ កីឡាករនឹងត្រូវអង្គុយកៅអីបម្រុងនៅប្រកួតបន្ទាប់ ហើយលោកពិតជាបានធ្វើដូច្នេះមែន។ ការណ៍នេះធ្វើឲ្យ Ronaldo អាក់អន់ស្រពន់ចិត្ត រួចក៏មានបញ្ហាមួយចំនួនជាមួយលោក Ten Hag ។ ក្រោយមក កីឡាករព័រទុយហ្គាល់ក៏បានផ្ដល់សម្ភាសន៍សាធារណៈមួយ ហើយបានទិតៀនទម្រង់លេង និងការចាត់ចែងផ្សេងៗរបស់ក្លឹប។ ការសម្ភាសន៍នេះហើយ រួមចំណែកធំក្នុងការចាកចេញរបស់កីឡាករ។
នាខែធ្នូ ឆ្នាំ ២០២២ កីឡាករបានឯកភាពចែកផ្លូវជាមួយបិសាចក្រហម ដើម្បីទៅលេងឲ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ហើយលេងនៅទីនោះរហូតដល់ពេលបច្ចុប្បន្ន៕

