ភ្នំពេញ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក Jonathan Stubbs មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ប្រចាំតំបន់អាស៊ីបានប្រាប់ឲ្យដឹងថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជាពិតជារៀបចំបានយ៉ាងល្អ ខណៈគណៈកម្មការបច្ចេកaទេសក៏បានផ្តល់ភាពសុក្រឹតយុត្តិធម៌ក្នុងការផ្តល់ពិន្ទុដល់ការប្រកួត ដោយមិនមានបញ្ហាតវ៉ាកើតឡើងនោះឡើយ។
លោកបានលើកឡើងរបស់មន្ត្រីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) រូបនេះ នៅក្រោយបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៃការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី ក្រោមអាយុ ១៤ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅទីលានវាយកកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤។



លោក Jonathan Stubbs បានសង្កត់ធ្ងន់ថា ភាពល្អប្រសើរក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា គឺបូករួមទាំងការទទួលការស្នាក់នៅ និងការធ្វើដំណើរមកទីលានប្រកួត និងត្រឡប់ទៅទៅវិញ។ ខ្ញុំសង្កេតឃើញថា កីឡាករ កីឡាការិនីយុវជនទាំងពិតជាសប្បាយរីករាយ ដែលចូលរួមប្រកួតនៅកម្ពុជា។ ចំពោះដំណើររៀបចំការប្រកួតនេះមានភាពរលូនល្អ ដោយគណៈកម្មការបច្ចេកទេសផ្តល់ភាពសុក្រិត្យ យុត្តិធម៌ ក្នុងការផ្តល់ពិន្ទុ។



អ្វីដែលមាននៅលើទីលានប្រកួតមានគ្រប់លក្ខណៈសម្បត្តិ និងស្របតាមស្តង់ដា ដែលនេះជាលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកយុវជនក្រោម១៤ឆ្នាំ ឆ្នាំ២០២៤នេះ។ លោក Jonathan Stubbs បន្ថែមថា តាមការពិភាក្សា នៅក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍកីឡាវាយកូនបាល់អាស៊ី នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរនោះ គឺសិទ្ធិបន្តរៀបចំធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៥ខាងមុខ មាន ៣ ឬ ៤ ប្រទេស ដែលបានដាក់ស្នើសុំធ្វើម្ចាស់ផ្ទះ រួមទាំងប្រទេសកម្ពុជាផងដែរ ហើយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិនឹងពិចារណាលើការស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចំណោម ៤ប្រទេសនេះ។




ក្នុងឱកាសបិទការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី ក្រោមអាយុ ១៤ឆ្នាំ ទទួលបានកិត្តិយសអញ្ជើញចូលរួមពីលោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងមន្ត្រីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ មន្ត្រីសហព័ន្ធវាយកូនបាល់អាស៊ី ព្រមទាំងប្រតិភូកីឡាមកពីប្រទេសនានាផងដែរ។ ការប្រកួតយុវជននេះមានកីឡាករ កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេងសរុបចំនួន ៤៨នាក់ មកពី ១៦ប្រទេស ក្នុងទ្វីបអាស៊ី៕
ដោយ៖លី ភីលីព
