វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ខ្សែបម្រើឆ្នើម របស់ប្រទេសវៀតណាម Nguyen Quang Hai និងភរិយា អ្នកនាង Chu Thanh Huyen បានសម្រេចចិត្តលក់រថយន្ត របស់ពួកគេ ដើម្បីជួយប្រជាជន ដែលរងផលប៉ះពាល់ ដោយព្យុះទីហ្វុង Yagi ។
អ្នកនាង Huyen បានដាក់លក់ រថយន្តនៅល្ងាចថ្ងៃអង្គារ ។ វាត្រូវបានគ្រោងទុកដំបូង ដើម្បីប្រើប្រាស់ជាកាដូ សម្រាប់អតិថិជន ក្នុងវគ្គផ្សាយផ្ទាល់ របស់លោក Huyen នៅថ្ងៃទី ២៩ ខែកញ្ញា។
អ្នកនាងបានបន្តថា ជាមួយនឹងស្ថានភាពដ៏លំបាក នាពេលបច្ចុប្បន្ននេះ បណ្តាលមកពីព្យុះនេះ ខ្ញុំ និងស្វាមីគិតថា វាជាការមិនសមហេតុផលទាល់ តែសោះក្នុងការផ្តល់រថយន្តមួយគ្រឿង ក្នុងការផ្សាយផ្ទាល់ដ៏ព្រឺព្រួច។ យើងសម្រេចចិត្តដាក់រថយន្តនេះសម្រាប់លក់ ហើយប្រាក់ចំណូលទាំងអស់ ដែលបានមកពីការលក់នឹង បរិច្ចាគទៅឲ្យមូលនិធិស្តារ គ្រោះមហន្តរាយជាតិ។
រថយន្តអគ្គិសនី Vinfast VF3 មានតម្លៃ ២៤០ លានដុងស្មើនឹង ៩,៧៨១ ដុល្លារអាមេរិក ។ មុនពេលប្រពន្ធ របស់លោកដាក់ឡាននេះទៅលក់ នៅព្រឹកថ្ងៃអង្គារ លោក Hai បានផ្ទេរប្រាក់ចំនួន ២៥០ លានដុងទៅក្នុងគណនី របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីផ្គត់ផ្គង់ប្រជាជន នៅតំបន់រងគ្រោះដោយទឹកជំនន់។
លោក Hai គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ របស់វៀតណាម ។ លោកបានក្លាយជាកីឡាករឆ្នើមដំបូងគេ មានការលេចធ្លោ ក្នុងព្រឹត្តិការណ៍ AFC U23 Championship 2018 ដែលវៀតណាម បានបញ្ចប់ក្នុងនាមជើងឯករង ។ ក្រោយមកលោកបានក្លាយ ជាកីឡាករសំខាន់ សម្រាប់ក្រុមជម្រើសជាតិ ។ ជាមួយពួកគេ លោកបាន ឈ្នះមេដាយមាស SEA GAME 2019 និង AFF Cup 2018 ។ លោកក៏បានជួយក្រុម ឲ្យឈានទៅវគ្គជម្រុះចុងក្រោយ នៃ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស ៕