ព័រទុយហ្គាល់ ៖ កីឡាករបាល់ទាត់ដែលល្បីល្បាញ លើពិភពលោក Cristiano Ronaldo បាននិយាយថា លោកមានអ្នក តាមដាន រហូតដល់មួយពាន់លាននាក់ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ សង្គមទាំងអស់របស់លោក ដែលបានក្លាយ ជាកីឡាករបាល់ទាត់ ល្បីល្បាញបំផុតដំបូងគេ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
លោក Ronaldo បានសរសេរនៅលើ X កាលពីថ្ងៃសុក្រថា យើងបានបង្កើតប្រវត្តិសាស្ត្រដោយ អ្នកតាមដាន១ ពាន់លាន និងទទួលបានការចូលមើលជាង ៤១.៩ លាន និង ៥២៥,០០០ Like ។ លោក Ronaldo ក៏បានអរគុណអ្នក តាមដានមួយពាន់លាននាក់ របស់លោកថា អ្នកបាននៅជាមួយខ្ញុំគ្រប់ជំហាននៃផ្លូវ ឆ្លងកាត់ទីខ្ពស់ និងទាប ។ ការធ្វើដំណើរនេះ គឺជាដំណើររបស់យើង ហើយរួមគ្នា យើងបានបង្ហាញថា វាគ្មានដែនកំណត់ចំពោះអ្វីដែលយើង អាចសម្រេចបាន ។
សូមអរគុណសម្រាប់ការជឿជាក់លើខ្ញុំ សម្រាប់ការគាំទ្ររបស់អ្នក និងសម្រាប់ជាផ្នែកមួយ នៃជីវិតរបស់ខ្ញុំ ។ ល្អបំផុតមិនទាន់មកដល់ទេ ហើយយើង នឹងបន្តជំរុញ ឈ្នះ និងបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា ។ កីឡាករសញ្ជាតិ ព័រទុយហ្គាល់រូបនេះ មិនបាននិយាយពីចំនួន គណនីជាក់លាក់ នៅលើបណ្ដាញសង្គម ដែលលោកចូលរួមនោះទេ ក្រៅពី Facebook, Instagram, X, YouTube និងវេទិការបស់ចិនពីរគឺ Weibo និង Kuaishou។ វេទិកាដែល Ronaldo ទាក់ទាញអ្នកតាមដានច្រើនជាងគេគឺ Instagram ដែលមាន ៦៣៨ លាននាក់ Facebook ១៧០ លាននាក់ និង X ១១៣ លាននាក់។
UR · Cristiano ដែលជាប៉ុស្តិ៍ YouTube បង្កើតឡើង ដោយ Ronaldo កាលពីថ្ងៃទី ៧ ខែសីហា និងបានបើកដំណើរ ការនៅថ្ងៃទី ២១ ខែសីហា ឥឡូវនេះ មានអ្នកជាវច្រើនជាង ៦០ លាននាក់។ កំណត់ត្រាពិភពលោកហ្គីណេស ទទួលស្គាល់ថានេះជាប៉ុស្តិ៍ YouTube ដែលមានអ្នកជាវច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោង៕