ភ្នំពេញ ៖ បណ្ឌិត្យសភាតេក្វាន់ដូ W T កម្ពុជាសហការជាមួយ ខេមរសហព័ន្ធតេក្វាន់ដូ W T (World Tae kwondo) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ចាប់ផ្តើមរៀបចំការ ប្រកួតកីឡាតេក្វាន់ដូ W T ថ្នាលជើងឯកថ្នាក់ជាតិ Hope 2029 “ Hope Kyorugi Taekwondo Competition 2029 ” ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីវ័យក្មេងជិត ២០០នាក់ នៅសាលហ្វឹកហាត់តេក្វាន់ ដូប៊ូយ៉ុងខ្មែរ នៃពហុកីឡដ្ឋានជាតិ ។

ក្នុងឱកាសការប្រកួតនេះ ដោយមានការ អញ្ជើញ ចូលរួមពីសំណាក់លោក គង់ សក្ខិដា អគលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូ W T លោក ហែម សំណាង ប្រធានអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលកម្រិតអន្តិជាតិ និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងនិងគណៈកម្មការប្រកួត ។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និង គណៈកម្មការប្រកួត បានឲ្យដឹងថា ប្រកួតឆ្នាំនេះលើប្រភេទវិញ្ញា សាប្រយុទ្ធមានកីឡាករ-កីឡាការិនីវ័យក្មេង១៩៩ នាក់មកពីក្លិបកីឡាតេក្វាន់ដូចំនួន ១៩ ទំាងនៅភ្នំពេញ និងក្លិបតេក្វាន់ដូវិទ្យាល័យហ៊ុនសែន សេរីភាពទីក្រុងតាខ្មៅ ខេត្តកណ្តល ។

ការប្រកួតនេះ អនុញ្ញាតឲ្យតែកីឡាករ-កីឡាការិនី ដែលមានកម្រិតខ្សែក្រវ៉ាត់ពណ៌លឿង រហូតពណ៌ក្រហមលាយខ្មៅ ហើយអត្តពលិកទាំងអស់ មានសិទ្ធិប្រកួត បានតែវិញ្ញាសាមួយប៉ុណ្ណោះ ជាផែនការ សម្រាប់ដំណើរឆ្ពោះ ទៅរកព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
លោក ហែម សំណាង បាននិយាយថា ការប្រកួត យុវជនថ្នាលជើងឯកថ្នាក់ជាតិ “Hope 2029” សម្រាប់មានយុវជន-យុវតី ក្នុងវិញ្ញាសាប្រយុទ្ធ ចាប់ពីអាយុ៩ ឆ្នាំរហូតដល់ ១៤ ឆ្នាំបុរសនារីដែលគណៈកម្មការកំណត់ ដើម្បីស្វែងរកកីឡាករ -កីឡាការិនី ដែលមានសក្តានុពល សម្រាប់ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។

ការប្រកួតនេះក្លិបកីឡាតេក្វាន់ដូ វិទ្យាល័យហ៊ុនសែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាលដណ្តើមមេដាយសរុបចំនួន ៦ គ្រឿង ក្នុងនោះមេដាយមាស ៤ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង៕



