កីឡា

លោកបណ្ឌិត ថោង ខុន ៖ ការប្រកួតកីឡាយុទ្ធគុន ចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១ មានក្រុមអត្តពលិក២៥៤នាក់ ចុះឈ្មោះចូលរួម

ភ្នំពេញ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ ចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡា យុទ្ធគុន ចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួម ប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗ កំពុងដំណើរការដោយរលូន បានប្រមាណ ៨០%ហើយ ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើរការ រៀបចំការប្រកួត មកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវចាប់ផ្តើមការប្រកួត ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។

រីឯការផលិត Video ព្រលឹងយុទ្ធគុនបន្ថែមមួយថ្មីទៀត ប្រកបដោយការទាក់ទាញក៏បានផលិតរួចរាល់ ចាប់ផ្តើម ផ្សព្វផ្សាយផងដែរ បានន័យថា ការត្រៀមរៀបចំបានដំណើរការរលូន និងត្រៀមបានល្អគ្រប់ផ្នែកការងារ ដោយធានាបាននូវគុណតម្លៃ នៃព្រឹត្តិការណ៍ប្រកួតនេះទាំងស្រុង។ សូមបន្តជួយផ្សព្វផ្សាយនូវយុទ្ធនាការអប់រំ បញ្ជ្រាបការយល់ដឹងយុទ្ធគុនដូនតាខ្មែរ ឱ្យបានដល់សង្គមជាតិ យ៉ាងទូលំទូលាយ គ្របដណ្តប់ទូទាំងប្រទេស៕

Most Popular

To Top