ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្រ្តៃគណៈកម្មការចំពោះកិច្ច និងលោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សា ជាន់ខ្ពស់អណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួម ពិធីវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិក។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។ វគ្គនេះនឹងជួយឲ្យអាជ្ញាកណ្តាល និងចៅក្រមបានយល់ដឹងបន្ថែមទៀត ក្នុងការត្រៀមរៀបចំខ្លួនដណ្តើមឲ្យការប្រកួតដំណើរការរលូន និង បានល្អគ្រប់ផ្នែកការងារ ដោយធានាបាននូវគុណតម្លៃ នៃព្រឹត្តិការណ៍ប្រកួតនេះទាំងស្រុង។

លោករដ្ឋលេខាធិការបានបន្តថា អាជ្ញាកណ្តាល និងចៅក្រមត្រូវប្រកាន់ភ្ជាប់ភ្ជួននូវក្រមសីលធម៌កីឡា មិនលម្អៀងនៅចំណុចណាមួយឡើយ ពីព្រោះចុងប៊ិចរបស់អាជ្ញាកណ្តាល និងចៅក្រមមានសារសំខាន់ចំពោះកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះខ្មែរបុរាណនាពេលនោះ។
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ៕


