ក្នុងកុងត្រាខ្ចីជើងមកកាន់តោខៀវ Chelsea ខ្សែបម្រើប្រយុទ្ធ Jadon Sancho នឹងត្រូវត្រឡប់ទៅកាន់ទឹកដី Old Trafford វិញក្រោយពេលចប់កុងត្រា ប៉ុន្តែនៅពេលលោក Enzo Maresca និយាយពាក្យនេះស្រាប់តែខ្សែបម្រើរូបនេះឆ្លើយបដិសេធភ្លាម។

Sancho បានឆ្លើយដោយគ្មានការលាក់លៀមថា «ទេខ្ញុំមិនចង់ទៅកាន់ Manchester United វិញនោះទេ ខ្ញុំចង់បន្តនៅ Chelsea ខ្ញុំចង់ក្លាយជាវីរបុរសរបស់ Chelsea »។ ក្រោយពេលបានឭកូនក្រុមខ្លួនឆ្លើយបែបនេះលោក Enzo Maresca បានសើចតិចតិចរួចនិយាយថា បើសិនមានរឿងដូច្នេះកើតឡើងមែនគឺពិតជាល្អ លោកពិតជាស្រលាញ់នូវរបៀបលេងរបស់ Sancho ខ្លាំងណាស់ ហើយបានធ្វើការប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងធ្វើរឿងនេះឲ្យកើតឡើងឲ្យខាងតែបាន។

អ្នកចាត់ការដដែលបានបន្ថែមថា Jadon Sancho ជាកីឡាករម្នាក់ដែលគ្រប់គ្នានៅទីនេះត្រូវការ ក្លឹបកំពុងតែត្រូវការកីឡាករដែលមានជំនាញលេងស្លាបបានល្អដូចជារូបគេ បើនិយាយពីទំហំចិត្តចំពោះកីឡាករម្នាក់នេះលោក Enzo Maresca បាននិយាយថា គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងក្លឹបនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាគេមើលឃើញថា Chelsea ឆ្នាំនេះហាក់ដូចជាកាក់កបជាងឆ្នាំមុន ព្រោះតែពេលនេះគេកំពុងតែស្ថិតក្នុងតំបន់ Top 4 នៃ English Premier League ក្នុងការប្រកួត៧សប្ដាហ៍កន្លងមកនេះ៕

