ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូ ថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ រៀបចំដោយ ខេមរសហព័ន្ធយូដូ ក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាប្រព្រឹត្ត នៅអាគារដំបូលទូក នៃសាលហ្វឹកហាត់ របស់ខេមរសហព័ន្ធយូដូ ។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើស ជាតិកម្ពុជា និងគ្រូឧទ្ទេសបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូថ្នាក់ជាតិ ឆ្នាំ២០២៤នេះ ដោយមានសិក្ខា កាមចូលរួមសរុប ២៥ នាក់មកពីបណ្តាក្លឹបជាសមាជិក ហើយវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។

លោកគ្រូបានបន្តថា ការសិក្សាអស់ រយៈពេល៥ ថ្ងៃ នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីក នូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាយូដូនៅកម្ពុជា ឲ្យទទួលបាន នូវលទ្ធផលល្អ ។ ខេមរសហព័ន្ធយូដូបាន យកចិត្តទុកដាក់លើអាជ្ញាកណ្តាល និងចៅក្រមដែល បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់ គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះ ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ ។

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទ នៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើនក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀម លក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ ។

ដើម្បីឲ្យការ ធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរ ដល់សហព័ន្ធ ត្រូវខិតខំប្រឹង ប្រែង រួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ច ទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្រោមពាក្យស្លោក រួមគ្នាគិត រួមគ្នាធ្វើ ធ្វើដំណើដោយស្វាហាប់៕
