ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានឆ្នាំ ២០២៤ ជាផ្លូវការហើយដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជាសាលដំបូលទូកកណ្តាល ដើម្បីបង្កើនបរិមាណគ្រូបង្វឹកនៅតាមសាលារៀនឆ្ពោះទៅរកគុណភាពតាមស្តង់ ដារជាតិ និងអន្តរជាតិ។
លោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ការៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានឆ្នាំ ២០២៤ សហព័ន្ធប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡាដែលមានរយៈពេល ៧ថ្ងៃដើម្បីបង្កើនបរិមាណគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុនៅតាមសាលារៀននានទូទាំងប្រទេសក្នុងដំណើរឆ្ពោះទៅរកគុណភាពតាមស្តង់ ដារជាតិ និងអន្តរជាតិ។ អគ្គលេខាធិការរងបានបន្តថា វគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមចំនួន ៣១នាក់ មកពីរាជធានីខេត្តចំនួន ៧ រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តព្រៃវែង ព្រមទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញ។ ការសិក្សាអស់រយៈពេល៥ ថ្ងៃ នាពេលនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតនៅកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ។

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានយកចិត្តទុកដាក់លើកីឡាករ-កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាល និងចៅក្រមដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើនក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។


ដើម្បីឲ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធត្រូវខិតខំប្រឹងប្រែងរួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្រោមពាក្យស្លោក រួមគ្នាគិត រួមគ្នាធ្វើ ធ្វើដំណើដោយស្វាហាប់៕
ដោយ៖ លី ភីលីព
