ទីក្រុង Manchester ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ផ្ទះដែលមានបន្ទប់គេង ៧ របស់កីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភបលោក Cristiano Ronaldo នៅទីក្រុង Manchester មានបញ្ហាក្នុងការលក់ បន្ទាប់ពីដាក់លក់លើទីផ្សារអស់រយៈពេលជាង ១៨ខែមកហើយ។
The Sun បានរាយការណ៍ថា ផ្ទះ Chesire ជាកន្លែងដែលកីឡាករ Ronaldo បានផ្លាស់ទៅបន្ទាប់ពីការវិលត្រឡប់របស់លោកទៅ Manchester United កាលខែកញ្ញា ឆ្នាំ២០២១ ត្រូវបានចុះបញ្ជីក្នុងតម្លៃ ៥លានផោន (៦.៥៣លានដុល្លារ) នៅលើទីផ្សារនៃគេហទំព័រអចលនទ្រព្យ Jackson-Stops ។ តម្លៃនេះត្រូវបានបញ្ចុះពីការចុះបញ្ជីដំបូងចំនួន ៥,៥លានផោន បន្ទាប់ពីមានបញ្ហាក្នុងការស្វែងរកម្ចាស់ថ្មី។
គេហទំព័រ YouTube របស់ Property The Luxury Home Show ថ្មីៗនេះបានផ្ដល់ជូនដំណើរទស្សនាផ្ទះ ២ ឆ្នាំបន្ទាប់ពីកីឡាករ Ronaldo បានចាកចេញពី Man Utd នៅចុងឆ្នាំ២០២២។ វាបាននិយាយថា ផ្ទះស្ថិតនៅលើផ្ទៃដី ២៣ហិចតា នៃដីដ៏ស្រស់ស្អាត លំនៅដ្ឋានបែបទំនើបនេះមានឈុតលំហែរកាយដ៏គួរឲ្យភ្ញាក់ផ្អើល ជង្រុកមានបន្ទប់គេង ២ ដ៏គួរឲ្យទាក់ទាញ និងសូម្បីតែទីលានលំហែរកាយមួយ។
ផ្ទះនេះក៏មានអាងហែលទឹកក្នុងផ្ទះ ផ្ទះបាយដែលមានតុអាហារពេលព្រឹក បន្ទប់កុន និងបន្ទប់ស្រា។ កីឡាករ Ronaldo បានស្នាក់នៅផ្ទះប្រហែលមួយឆ្នាំប៉ុណ្ណោះមុនពេលចាកចេញពី Man Utd។ កំឡុងពេលលោកនៅក្លឹប លោករកបាន ២៧គ្រាប់ក្នុង ៥៤ប្រកួត។
បន្ទាប់ពីការចាប់ផ្តើមសុបិនក្នុងវគ្គទី ២ របស់លោកនៅ Old Trafford កីឡាករ Ronaldo បានបញ្ចប់កិច្ចសន្យារបស់លោកជាមួយ United មុនដំបូងដោយការរិះគន់ក្លឹប និងគ្រូបង្វឹក Erik ten Hag ក្នុងបទសម្ភាសន៍ជាមួយពិធីករទូរទស្សន៍ Piers Morgan ។
កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានចាកចេញពីចក្រភពអង់គ្លេសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានលេងឲ្យក្រុម Al Nassr តាំងពីឆ្នាំ២០២៣៕