ភ្នំពេញ៖ លោក Emmanuel Dias អនុប្រធានខេមរសហព័ន្ធយូដូ និងលោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជា និងគ្រូឧទ្ទេស នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ រៀបចំដោយខេមរសហព័ន្ធយូដូ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាប្រព្រឹត្តនៅអាគារដំបូលទូកនៃសាលហ្វឹកហាត់របស់ខេមរសហព័ន្ធយូដូ។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជា និងគ្រូឧទ្ទេសបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាយូដូនេះបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ដោយមន្ត្រីជាសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ និងសិក្ខាកាមដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀងស្តីពីការអនុវត្តន៍ថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាជាតិ និងអន្តរជាតិ ។

លោកបានបន្តថា ខេមរសហព័ន្ធយូដូបានរៀបចំវគ្គបណ្តុះ បណ្ដាលលមន្ត្រីបច្ចេកទេស- អាជ្ញាកណ្ដាល-ចៅក្រមកីឡាដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត ។ ឆ្នាំនេះមន្ត្រីជាសិក្ខាកាមបានសិក្សាល្អប្រសើរជាងឆ្នាំមុនៗ ដោយពួកគេបានអនុវត្តផ្ទាល់បានច្រើន ទើបធ្វើឲ្យទទួលបានល្អរហូតដល់ ៨០ ភាគរយឯណោះ។ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូថ្នាក់ជាតិ ឆ្នាំ២០២៤ នេះពិតជាមានសារសំខាន់ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យកីឡាយូដូនៅកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ។


លោក ម៉ារ វង្សវិបុល បានបញ្ជាក់ថា កីឡានីមួយៗមានច្បាប់ល្បែងរបស់វា បើយើងអ្នករៀបចំគ្រប់គ្រងព្រឹត្តិការណ៍និមួយៗអត់ចេះច្បាប់ យើងទៅកាត់ក្ដី យើង មិនអាចឈរលើ គោលការយុត្តិធម៌ បានដែរ ហើយ នឹងត្រូវទទួលការរិះគន់ពី ទស្សនិកជន ជាមិនខាន ។ ការរៀនសូត្រ បង្កើនចំណេះដឹងនេះ សំខាន់ណាស់ ដូចនេះហើយបានជាសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ។

វគ្គបណ្ដុះបណ្ដាលនេះគឺជា ការធ្វើបច្ចុប្បន្នភាពកីឡា របស់យើង ឲ្យដើរ ទាន់គេ ទាន់ការវិវឌ្ឍរបស់សហព័ន្ធកីឡាអន្ដរជាតិ។ ដូចនេះសូមឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងទាំងនេះ ទៅអនុវត្តឲ្យបានត្រឹមត្រូវ និងខិតខំស្រាវជ្រាវបន្ថែម ដើម្បីបង្កើចំណេះដឹង របស់ខ្លួនឲ្យកាន់តែប្រសើរ ។ ក្នុងនាម ជាអាជ្ញាកណ្ដាលកុំលម្អៀងខុសពីវិជ្ជាជីវៈ យើងត្រូវឈរលើស្មារតីជាអាជ្ញាកណ្ដាល ដើម្បីរក្សាកេរឈ្មោះរបស់យើង និង រក្សាកេរឈ្មោះរបស់ជាតិយើង ៕

ដោយ៖ លី ភីលីព
