កីឡា

លោក ប៊ុយ សោភ័ណ្ឌ បានកោតសរសើរ និងវាយតម្លៃខ្ពស់​​ ចំពោះការខិតខំយកចិត្តទុកដាក់ របស់សិក្ខាកាមទាំងអស់ ក្នុងការទទួលបាន នូវចំណេះដឹងថ្មីៗ

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាចំបាប់ថ្នាក់ជាតិ ក្រោមគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាចំបាប់ ដែលមាន រយៈពេល ១១ ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដែលបង្រៀន ដោយអ្នកជំនាញកីឡាចំបាប់ ជនជាតិអាមេរិក លោក Marty Hauck ដល់សិក្ខាកាម ដែលជាអត្តពលិកកម្ពុជាចំនួន២៥ រូប ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិនាថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ ដោយមានអញ្ជើញចូលរួមពីសំណាក់លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាប្រចាំការតំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការNOCC លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Martin Hauck ជំនាញការ និងជាគ្រូឧទ្ទេសអន្តរជាតិ របស់ United World Wrestling និងលោក អូចាស់ ប៊ីស្ស៊ីមប៉ែ មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាចំបាប់ ពិភពលោក នៅទីស្នាក់ការ NOCC ។

លោក ប៊ុយ សោភ័ណ្ឌ បានមានប្រសាសន៍ថា បន្ទាប់ពីបានស្តាប់នូវកាវាយតម្លៃរបស់លោក Martin Hauck ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃការបង្វឹកកីឡាចំបាប់។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ចំបាប់កម្រិតថ្នាក់ជាតិនេះ គឺជាផ្នែកមួយនៃ គម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល៥ខែ គិតផ្តើមពីថ្ងៃទី១ ខែកក្កដា ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតលើគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន ៖
បង្កើតគោលនយោបាយថ្មី សម្រាប់ការហ្វឹកហ្វឺន និងការប្រកួតប្រកប ដោយប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុមកីឡា ចំបាប់ថ្នាក់ជាតិ ។ បង្កើតកម្មវិធីកំណត់ទេពកោសល្យដើម្បីស្វែងរក និងថែរក្សាអត្តពលិក ចំបាប់វ័យក្មេងឱ្យទទួលបានជោគជ័យ ។ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្ត្រីអាជ្ញា កណ្តាល-ចៅក្រម ដើម្បីបង្កើនជំនាញ និងធានានិរន្តរភាពកីឡាចំបាប់នៅក្នុងប្រទេស និងអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធ រៀបចំការប្រកួត ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

លើកនេះជាទស្សនៈកិច្ចការងារ លើកទី២ របស់ជំនាញការ អន្តរជាតិមកកាន់កម្ពុជា គឺពីថ្ងៃទី៦ ដល់ ១៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការ សកម្មភាព សំខាន់ៗ ចំនួន ៣ចំណុច រួមមានរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាចំបាប់កម្រិតថ្នាក់ជាតិ ។ រៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាចំបាប់កម្រិតថ្នាក់ជាតិ។ រៀបចំកម្មវិធីបោះជំរំហ្វឹកហាត់អត្តពលិកជម្រើសជាតិ-ក្លឹប និងការប្រកួតសាកល្បង (Trail Competition) ដើម្បីសិក្សាលើជំនាញអភិវឌ្ឍការកំណត់ទេពកោសល្យ (Talent Identification Development) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ជាថ្មីម្តងទៀត តាងនាមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលមានចក្ខុវិស័យ និង ផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការ អភិវឌ្ឍធនធានកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស និងគ្រូបង្វឹក ។ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រីករាយនឹងបន្តសហការជាមួយសហព័ន្ធ ក្នុងការពង្រឹងគុណវុឌ្ឍិកីឡាករ-កីឡាការិនីជម្រើសជាតិ និងបណ្តុះបណ្តាលធនធានគ្រូបង្វឹក ដើម្បីអភិវឌ្ឍកីឡាចំបាប់ ឱ្យក្លាយជាប្រភេទកីឡាដ៏សក្តានុពល កម្រិតអូឡាំពិក នាពេលអនាគត៕
ដោយ៖លី ភីលីព

Most Popular

To Top