ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូកីឡាកាយវប្បកម្មថ្នាក់មូលដ្ឋានជំនាន់ទី២ បានបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ព្រមទំាងសិក្ខាកាមទំាំងអស់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានធ្វើការផ្ដាំផ្ញើយ៉ាងដូច្នេះថា ពាក់ព័ន្ធជាមួយហ្នឹងរាជរដ្ឋាភិបាលកំពុងតែធ្វើដំណើរទៅឆ្នាំ ២០ ២៩ ជាការប្រកួតយុវជនអាស៊ី កម្ពុជាត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម ដើម្បីឆ្ពោះទៅរកការប្រជែងមេដាយឲ្យបាន។ ដូច្នេះកម្ពុជាត្រូវតែពង្រឹងក្លឹបឲ្យបានច្រើន បើក្លឹបតិចជាង ៥ មិនអនុញ្ញាតឲ្យបង្កើតសហព័ន្ធទេ ដូច្នេះក្លឹបដែលកំពុងតែមានត្រូវតែពង្រឹង និងពង្រីក ហើយក្លឹបរឹងមាំដោយសារតែកីឡាករ-កីឡាការិនី របស់យើងមានកម្រិតខ្ពស់ទើបក្លឹបកាន់តែរឹងមាំបន្ថែមទៀត។
លោកបានបន្ថែមទៀតថា សហព័ន្ធត្រូវតែអនុវត្តន៍ទៅតាមផែនការយុទ្ធសាស្ត្រអនុវត្តន៍ និងពិសេសគឺសាមគ្គីភាពផ្ទៃក្នុង ដោយគ្រប់គ្នាក្នុងនោះត្រូវតែចេះស្រលាញ់គ្នា ហើយជៀសវាងឲ្យបានប្រើប្រាស់ថ្នាំដូប៉ាដូពីងជាសារធាតុត្រូវបានសហព័ន្ធកីឡាជាតិ និងអន្តរជាតិហាមឃាត់ដាច់ខាត។ តាមរយៈការវគ្គបណ្ដុះបណ្ដាលនេះឯកឧត្ដមសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមទាំងអស់នឹងយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ពិសេសយកទៅបង្ហាត់សិស្សបន្តឲ្យបានល្អ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាក៏បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងអាចពង្រឹងសមត្ថភាពគ្រូដើម្បីបង្រៀនបន្តក្នុងទិសដៅឆ្ពោះទៅការប្រជែងមេដាយជូនជាតិនានាប្រកួតជើងឯកយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការសិក្សានេះជាចលករដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពគ្រូ ដើម្បីយកទៅចែកចាយវិស័យកីឡានេះឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត។ លោកក៏សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមដែលចូលរួមអាចយកទៅពង្រឹងបង្ហាត់សិស្សរបស់ខ្លួនឲ្យបានល្អក្នុងគោលដៅដើម្បីទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកស្រី អេមី ជាអគ្គលេខាធិការសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាថា វគ្គសិក្សាពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមសរុប ២៥ រូបក្នុងនោះមានអ្នកវត្តមាននៅសល់ ២៣នាក់។ វគ្គសិក្សានេះមានសារសំខាន់ណាស់ ដើម្បីឲ្យសិក្ខាកាមក្រែបយកចំណេះជំនាញដែលហាត់រៀនទៅបន្តបង្ហាត់សិស្សបន្ថែមទៀត៕
ដោយ៖ លី ភីលីព