ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយបណ្តុះបណ្តាលគ្រូបង្វឹកនៅប្រទេសកម្ពុជា ហើយគ្រូបង្វឹកនៅប្រទេសកម្ពុជាបានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេង បើទោះបីជាកីឡាករ កីឡាការិនីវ័យក្មេងនៅខ្វះបច្ចេកទេសយ៉ាងណាក្តី។

ក្នុងឱកាសបិទការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិដោយជោគជ័យ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក ខេស៊ី បាណេត គូសបញ្ជាក់បន្ថែមថា នេះជាលើកទី១ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតពីអាយុ៨-១០ឆ្នាំ និងពី១៥-១៧ ឆ្នាំ ដោយកាលពីមុនៗមក ការប្រកួតយុវជននៅកម្ពុជាមានក្រោមអាយុ ១៨ឆ្នាំប៉ុណ្ណោះ។


លោក ខេស៊ី បាណេត សង្កត់ធ្ងន់ថា ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ ម្យ៉ាងទៀត ក៏ជាការបណ្តុះបណ្តាលធនធានថ្នាលយុវជនលើប្រភេទកីឡាចំបាប់អន្តរជាតិ ដែលកីឡាករ-កីឡាការិនីមានគុណភាពបច្ចេកទេសល្អ គឺចាប់ផ្តើមហ្វឹកហាត់ចាប់ពីវ័យ ៨ ឆ្នាំឡើងទៅ ហើយប្រសិនបើមនុស្សម្នាក់ចាប់ផ្តើមហ្វឹកហាត់ចាប់ពីអាយុ ១៥ឆ្នាំឡើង ឬ ១៧ឆ្នាំឡើងទៅ គឺយឺតពេល ឬមិនសូវបានល្អ។


លោកអនុប្រធានសហព័ន្ធចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ បានឲ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត នៅឆ្នាំក្រោយៗទៀត ហើយអាចនឹងបន្ថែមនូវវិញ្ញាសាចន្លោះវ័យពី១១-១២ឆ្នាំផងដែរ៕
ដោយ៖ លី ភីលីព
