ខេត្តកំពង់ឆ្នាំង៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ប៉ុន សុខ អគ្គនាយកកីឡា មន្រ្តីរាជការ កងកម្លាំង បុគ្គលិកក្រុមអង្គការ សិស្សានុសិស្សនិស្សិត ប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ថ្ងៃនេះជាទិវាជាប្រវត្តិសាស្ត្រលើកទី២ ដែលខេត្តកំពង់ឆ្នាំងរបស់យើងទទួលបានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍រត់ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បន្ទាប់ពីការទទួលរៀបចំព្រឹត្តិការណ៍ដង្ហែរព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាSEA GAME លើកទី៣២ និងកីឡាប៉ារ៉ាហ្កេមលើកទី១២ កាលពីឆ្នាំ២០២៣។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែ តុលា ដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ទទួលបានការអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន(ប្រណាំងកង់)។ តាងនាមឲ្យប្រតិភូដឹកនាំកីឡាខេត្តកំពង់ឆ្នាំង និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់គណៈអធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីរត់ភ្លើងគប់អបអរសាទរ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” នៅលើទឹកដីខេត្តកំពង់ឆ្នាំង បានញ៉ាំងឱ្យពិធីនេះ មានបរិយាកាសរីករាយ និងអធិកអធមក្រៃលែង។
លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ពិធីរត់ភ្លើងគប់អបអរសាទរ “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤” ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” បានកំណត់យកប្រភេទកីឡា ចំនួន៣៦ រួមមាន មានវិញ្ញាសាចំនួន ៣២៨ ដោយឡែក សម្រាប់ប្រភេទកីឡាត្រូវចូលរួមប្រកួតកីឡាជាតិជនពិការ លើកទី២ មាន១៣ ប្រភេទកីឡា ហើយមានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣វិញ្ញាសា មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៥,៣៣៩ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី ខេត្ត និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
លោកបានបន្តថា ការប្រកួតនេះ គឺជាការប្រកួតសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡា ឱ្យមានចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់ ជាពិសេស ដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្ដែងលើទីលាប្រកួត ទទួលបានចំណេះដឹង និងបទពិសោធន៍ កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍ពីការប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ ដារហ្គេម, ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា The 5th Asian Youth Games 2029 ក្នុងន័យរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ចឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ លី ភីលីព