ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បានសហការជាមួយយុវជន និងប្រជា សហគមន៍ជាង៤០០នាក់ ធ្វើការសកម្មភាព សម្អាតបរិស្ថាន ក្នុងការចូលរួមនេះ លើកទឹកចិត្តឲ្យយុវជន និងប្រជាពលរដ្ឋ មានស្មារតី ស្រលាញ់បរិស្ថាន ដោយឈប់ចោលសំរាម នៅទីសាធារណៈ និងយល់ដឹងអំពីវិធីទុក ដាក់សំរាមឲ្យបានត្រឹមត្រូវ ។
គម្រោងនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា របស់ភាគីពាក់ព័ន្ធ និងសង្កត់ធ្ងន់ ពីសារសំខាន់ នៃការសហការរវាងសហគមន៍ និងស្ថាប័នឯកជន ក្នុងការលើកស្ទួយការការពារបរិស្ថាន ក្នុងប្រទេសកម្ពុជា ។

អ្នកស្រី សឿន ធារ៉ា ប្រធានប្រតិបត្តិនៃអង្គការផ្កាយសមុទ្របាននិយាយថា ការចោលសំរាមពាសវាលពាសកាល នៅទីសាធារណៈ ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋ ក្នុងសហគមន៍ ជាពិសេស ចំពោះសុខភាពសាធារណៈ ។ គំនរសំរាម គឺជាកន្លែងបង្កកំណើត នៃពពួកសត្វល្អឹត ដែលជាប្រភពបង្ក ជំងឺផ្សេងៗ និង ធ្វើឱ្យកកស្ទះ ប្រព័ន្ធលូបង្ហូរទឹក ក្នុងទីក្រុងទៀតផង។ លើសពីនេះទៅទៀត វាក៏បានបង្កឱ្យមានការបំពុលដល់ប្រភពទឹកនានា ដែលបង្កើតជាប្រភព នៃសត្វមូស និងបង្កការរីករាលដាល នៃជំងឺកាចសាហាវដូចជាជំងឺគ្រុនឈាមជាដើម ដែលគម្រាមកំហែង ដល់អាយុជីវិតកុមារ ជាច្រើននាក់ នៅកម្ពុជាជារៀងរាល់ឆ្នាំ ។

អ្នកស្រី បានសង្កត់ធ្ងន់ថា បរិស្ថានស្អាត គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ទូទៅនៃកុមារគ្រប់រូប។ ប្រសិនបើទីកន្លែងដែលពួកគេរស់នៅ និងលេងកម្សាន្ត ហ៊ុំព័ទ្ធជុំវិញដោយសំរាម នោះកុមារប្រាកដជាត្រូវទទួលរងនូវបញ្ហាសុខភាព ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ វាគឺជាការទទួលខុសត្រូវរួមគ្នា របស់យើងទាំងអស់គ្នាក្នុងការលើកស្ទួយការអនុវត្តន៍ប្រកបដោយចីរភាពទាំងនៅក្នុងសាលារៀន និងសហគមន៍គោលដៅ ដែលយើងផ្តល់សេវាគាំទ្រ ។

លោក ឃុន ប៉េងលី នាយកប្រចាំប្រទេសផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនកូកាកូឡា បានឲ្យដឹងថា“នៅក្រុមហ៊ុន កូកា-កូឡាកម្ពុជា យើងជឿជាក់ថា បេសកកម្មដ៏សំខាន់បំផុត ដែលយើងកំពុងអនុវត្ត គឺការកសាងសហគមន៍និងភពផែនដីឲ្យរីកចម្រើនទៅមុខប្រកបដោយចីរភាព ពីព្រោះយើងគិតគូរ ដល់មនុស្ស និងសហគមន៍ ដែលយើងតាំងនៅ។ ហើយជាក់ស្ដែងទៅ យើងកំពុងបោះជំហាន ទៅមុខមួយជំហានទៀត ឆ្ពោះទៅសម្រេចឲ្យបាន នូវបេសកកម្មមួយនេះ តាមរយៈការសហការជាមួយអង្គការ ផ្កាយសមុទ្រ និង ការលើកទឹកចិត្តដល់បុគ្គលិក របស់ក្រុមហ៊ុនឲ្យមកចូលរួមស្ម័គ្រចិត្ត ក្នុងកម្មវិធីសម្អាតទីក្រុងនេះ ។ សកម្មភាព ដែលយើង ធ្វើនេះ គឺជាការខិតខំប្រឹងប្រែង របស់យើងក្នុងការដើរឆ្ពោះទៅសម្រេច ឲ្យបាននូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ ជម្រើសយើង អនាគតយើង» ដែលជាត្រីវិស័យចង្អុលបង្ហាញផ្លូវ និងតម្រង់ទិសនៃការសម្រេចចិត្តប្រចាំថ្ងៃ របស់យើង ដើម្បីកសាងអនាគតមួយ ប្រកបដោយចីរភាព។ គម្រោងនេះបានប្រព្រឹត្តទៅចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ ២០២៤ ដោយបែងចែកចេញ ជាកម្មវិធីសំខាន់ៗ ២លើកផ្សេងគ្នា ។ កម្មវិធីដំបូងគេនៅសហគមន៍តាងូវ ខណ្ឌច្បារអំពៅមានអ្នកចូលរួម២០០នាក់ និងកម្មវិធីទី២នៅសហគមន៍ ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយមានអ្នកចូលរួមចំនួន ២០៥នាក់ ផងដែរ។ សរុបរួម កម្មវិធីទាំងពីរលើក បានចូលរួមសម្អាតផ្លូវធំៗ និងតំបន់ពោរពេញ ដោយសំរាម ។

អង្គការផ្កាយសមុទ្រក៏មានមោទនភាព តាមរយៈគម្រោងខាងលើនេះសម្រាប់ប្រមូលចេញពីខណ្ឌច្បារអំពៅ និងខណ្ឌកំបូលជាប្រយោជន៍ចូល រួមទប់ស្កាត់សំរាមទាំងនេះមិនឲ្យចូល ទៅបំពុលបរិស្ថានជាបន្តទៀត ។ គម្រោងនេះក៏បានបង្កើតលទ្ធផលវិជ្ជមាន សម្រាប់សហគមន៍ផងដែរ ដោយអ្នកចូលរួមបានយល់ដឹង កាន់តែច្បាស់ និងមានស្មារតីក្លៀវក្លា ដើម្បីចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាប្រយោជន៍រួមចំណែក ធ្វើឲ្យទីក្រុងក៏ដូចជាប្រទេសកម្ពុជាមានសោភ័ណ្ឌភាពស្រស់ស្អាត ដើម្បីបង្កើតសហគមន៍ស្អាត និងរីកចម្រើនសម្រាប់កុមារគ្រប់រូប ។

ក្រុមហ៊ុន កូកា-កូឡាកម្ពុជា និងអង្គការផ្កាយសមុទ្រ បានរួមគ្នាផ្តួចផ្តើមគម្រោង “ឆ្ពោះទៅកាន់អនាគតដ៏ បៃតងសម្រាប់កម្ពុជា” ដែលមានគោលដៅ ចូលរួមកាត់បន្ថយការចោល សំរាមឥត សណ្តាប់ធ្នាប់ និងការបង្កើតកាកសំណល់លើសលប់ ដោយធ្វើការអប់រំ និងកៀរគរការចូលរួមពីភាគី ពាក់ព័ន្ធក្នុងសហគមន៍ នៅក្នុងកិច្ចប្រឹងប្រែង សម្អាតសហគមន៍រួមគ្នាមួយ។ គម្រោងនេះ ទទួលបានការចូលរួមពីយុវជន ចំនួន១៣៣នាក់ ប្រជាពលរដ្ឋនិងអាជ្ញាធរ ក្នុងសហគមន៍ចំនួន៨០នាក់ រួមទាំងអ្នកស្ម័គ្រចិត្តចំនួន១៩២នាក់ មកពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងអង្គការផ្កាយសមុទ្រ៕




