កីឡា

សិក្ខាសាលាអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ សិក្ខាកាមអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យនៅសាលហ្វឹកហាត់តេក្វាន់ដូបូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយខេមរសហព័ន្ធកីឡាតេក្វាន់ដូបានប្រកាស់បិទ ដែលប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសបិទសិក្ខាសាលាខាងលើកនេះដោយមានកាអញ្ជើញចូលរួមពីសំណាក់លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធកីឡាតេក្វាន់ដូតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូបានប្រកាស់បិទ និងលោក ហែម សំណាង ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងគ្រូឧទ្ទេស ។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា សិក្ខាសាលាអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួមចំនួន ៣០ នាក់ក្នុងនោះមានស្រី្តចំនួន៩ នាក់ មកពីរាជធានីខេត្តចំនួន ៥ រួមមានភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប។ សិក្ខាសាលាធ្វើឡើងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ដែលប្រភេទកីឡាតេក្វាន់ដូប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ។

លោកអគ្គលេខាធិការរងបានបន្តថា វគ្គសិក្ខាសាលាអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូថ្នាក់ជាតិ ឆ្នាំ២០២៤ អាចដំណើរការទៅបានដោយសារមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២៤ បានទាន់ពេលវេលា ដោយផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹង និងទទួលបាននូវបទពិសោធន៍ថ្មីៗ ក្នុងការត្រៀមខ្លួន បន្តវេននៅជំនាន់ក្រោយៗ ហើយក៏ត្រៀមសម្រាប់ចូលរួមសិក្សាវគ្គអាជ្ញាកណ្តាលអន្តរជាតិនាពេលអនាគត។

ជាលទ្ធផលបញ្ចប់វគ្គរួមមាន និទ្ទេសល្អចំនួន ១០នាក់ (ស្រី ២នាក់) ស្មើនឹង ៣៣ ភាគរយ និទ្ទេសល្អបង្គួរចំនួន ១៣នាក់ (ស្រី ៨នាក់) ស្មើនឹង ៤៤ ភាគរយ និងនិទ្ទេសមធ្យមចំនួន ៧នាក់ (ស្រី ៣នាក់) ស្មើនឹង ២៣ ភាគរយ៕

ដោយ៖ លី ភីលីព

Most Popular

To Top