កីឡា

លោក តែម ម៉ឺន ៖ ការប្រកួតនេះដើម្បីជ្រើសរើសអត្តពលិកកីឡា ឡើងភ្នំឆ្នើមត្រៀមការប្រកួតកីឡា SEA GAME 2025 នៅថៃខាងមុខនេះ

ភ្នំពេញ៖ ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកឆ្នាំ២០២៤ ដែលរៀបចំដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយការប្រកួតនេះមានរយៈពេល ៣ថ្ងៃ ប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ តុលា ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតហើយនាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅក្លិប Phnom Climb Community Gym និង Power Up ។

ក្នុងឱកាសពិធីបិទការប្រកួតដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងឲ្យក្លិបទំាងចូលរួមប្រកួត។

លោក ស៊ឹម រ៉ន បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៥៩ នាក់មកពីក្លិបកីឡាឡើងភ្នំចំនួន ៧ ក្នុងនោះមាន ៤ ក្លិបមកពីខេត្តសៀមរាប ១ក្លិបមកខេត្តកំពត និង២ ក្លិបនៅរាជធានីភ្នំពេញ។ ការប្រកួតលើកនេះសហព័ន្ធបានដាក់ ៣ វិញ្ញាសា រួមមានវិញ្ញាសា lead /Top Rope វិញ្ញាសា Boulder និងវិញ្ញាសា Speed ដោយមានការបែងចែកអាយុដូចជា ក្រុមអាយុក្រោម ១១ឆ្នាំ (កុមារ និងកុមារី) ក្រុមអាយុក្រោម ១៥ឆ្នាំ (បុរស និងនារី) ក្រុមអាយុក្រោម ១៨ឆ្នាំ (បុរស និងនារី) និងក្រុមអាយុ ១៨ឆ្នាំឡើង(បុរស និងនារី)។

លោក ឡាំង អូណា បានមានប្រសាសន៍ថា លោកសូមវាយតម្លៃ និងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត និងក្រុមកីឡាករ-កីឡាការិនីបានសហការគ្នាយ៉ាងល្អប្រសើរ ធ្វើឲ្យដំណើរការប្រកួតដោយរលូន ព្រមទំាងកាត់ក្តីដោយយុត្តិធម៌ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាអាជ្ញាកណ្តាល និងចៅក្រម ហើយ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ដើម្បីការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃខាងមុខនេះ។

លោក តែម ម៉ឺន ក៏បានមានប្រសាសន៍ថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ការខិតខំប្រឹងប្រែងលោក លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងសមាជិកប្រតិបត្តិទំាងអស់ ទំាងអាជ្ញាកណ្តាល និងចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំណែកក្នុងការអភិឌ្ឍនប្រភេទកីឡាឡើងភ្នំឲ្យមានការរីកចម្រើន និងការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ដើម្បីការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃខាងមុខនេះ៕

ដោយ៖ លី ភីលីព

Most Popular

To Top