ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោក ងិន សុខបញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងកីឡាជំនាញតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក AVEENNASH PANDOO ជាអ្នកជំនាញកីឡាលើកទម្ងន់បានអញ្ជើញចូលរួមពិធីបិទបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២។
លោក ផេង ប៉ាក អគ្គលេខាធិកាស្តីទីសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថា វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាលើទម្ងន់កម្រិត២ ដើម្បីអភិវឌ្ឍន៍សមត្តភាពគ្រូបង្វឹក និងបច្ចេកទេសគ្រូបង្វឹកផ្នែកកីឡាលើកទម្ងន់ឆ្ពោះទៅការប្រកួត SEA GAME លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ និងប្រកួតយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។



អគ្គលេខាធិកាស្តីទីបន្តថា វត្តសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាលើទម្ងន់កម្រឹត២ សិក្ខាសិលានេះមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់២៧ ខែតុលា ឆ្នាំ២០២៤ មានសិក្ខាកាម ចូលរួម សរុប ២៥នាក់ ក្នុងនោះមានស្រី ១០នាក់ មកពីរាជធានី ខេត្ត១១ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ និងកណ្តាល។



លោក ងិន សុខបញ្ញា បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់សាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាលើទម្ងន់កម្រឹត២ សិក្ខាសិលានេះមានរយៈពេល ៨ថ្ងៃរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាដែលជាប្រភេទកីឡាអូឡាំពិក។ វគ្គនេះធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព គ្រូបង្វឹកផ្នែកកីឡាលើកទម្ងន់ឈានទៅពង្រីកធនធាន កីឡាករ-កីឡាការិនីបន្តវេនឲ្យមានកាន់តែច្រើននៅកម្ពុជា៕
ដោយ៖ លី ភីលីព
