ខេត្តកណ្ដាល៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានជួបសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣១ ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា លោកសូមកោតសរសើរដោយស្មោះចំពោះការខិតខំ ប្រឹងប្រែង របស់ប្រតិភូ គ្រូបង្វឹក និងក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការហ្វឹកហាត់ដើម្បី ត្រៀមចូលរួមប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។

លោកបានបន្តថា លោកសូមសម្ដែងនូវការវាយតម្លៃខ្ពស់ដល់កីឡាករ-កីឡាការិនីដែលលេងជាតំណាង ខេត្តកណ្តាលកន្លងមក ដោយក្មួយៗបានបញ្ចេញអស់នូវកម្លាំងកាយចិត្ត ប្រកួតដណ្តើមមេដាយ ផ្តល់កិត្តិយសជូនខេត្តកណ្តាល ធ្វើឲ្យខេត្តយើងមានមុខមាត់ក្នុង ទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំ ប្រឹងប្រែងជំរុញវិស័យកីឡាខេត្ត ឲ្យកាន់តែមានការរីកចម្រើនជាលំដាប់។

លោកបន្ថែមទៀតថា ខេត្តកណ្តាលមានភ័ព្វសំណាង ដោយទទួលបានការដង្ហែភ្លើងគប់ដោយផ្ទាល់ពីចំណុចចាប់ផ្តើមនៃការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោគ ក្នុងស្រុកកៀនស្វាយ ឆ្ពោះទៅកាន់ស្តាតអូឡាំពិក រាជធានីភ្នំពេញ ជាទីកន្លែងប្រារព្ធពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ខេត្តកណ្ដាល មនចំនួនចូលរួមរបស់ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៤៦៧ នាក់កីឡាការិនីចំនួន ១៥៨នាក់ និងមានប្រភេទវិញ្ញាសាកីឡាចួលរួមចំនួន ៣១ប្រភេទ រួមមានបាល់ទាត់ (នារី) បាល់ទះក្នុងសាល (នារី) បាល់បោះ (នារី) អត្តពលកម្ម (បុរស នារី) ប៉េតង់ (បុរស នារី) ការ៉ាតេ (បុរស នារី) តេក្វាន់ដូ WTF តេក្វាន់ដូ ITF (បុរស នារី) ប្រដាល់សកល (ប្រុស) ចំបាប់ (បុរស នារី) គុនល្បុក្កតោ (បុរស នារី) គុនដាវ (បុរស នារី) ទូកប្រពៃណី (បុរស នារី) និងឃីកបុកស៊ីង (បុរស នារី)។

ប្រដាល់គុនខ្មែរ(បុរស នារី) យូដូ (បុរស នារី) លើកទម្ងន់ (បុរស នារី) សីដក់ (បុរស នារី) ហែលទឹក (បុរស នារី) ម៉ូតូទឹក (បុរស) វាយសី (បុរស នារី) ហុកគឺ (បុរស) ទោចក្រយាន (បុរស នារី) វូស៊ូ (បុរស នារី) ទ្រីយ៉ាត្លង (បុរស នារី) សូហ្វតិន្នីស (បុរស នារី) រាំ (បុរស នារី) វាយកូនបាល់(បុរស នារី) វាយកូនគោល (បុរស នារី) ជីជីតស៊ូ (បុរស នារី) អុកចត្រង្គ (បុរស) ៕
ដោយ៖ លី ភីលីព
