ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រកាសបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមរយៈពេល ៤ ថ្ងៃដែលបានចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះនៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ។
ក្នុងឱកាសពិធីបិទជាផ្លូវការវគ្គខាងលើនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក លី ចាន់សុភក្តី ជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានគ្រប់គ្រងវគ្គនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។

លោក លី ចាន់សុភក្តី បាននិយាយថា យោងផែនការសកម្មភាពរបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបើកវគ្គអាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោមករឧបត្ថម្ភថវិការបស់ក្រសួងអប់រំយុវជន និងកីឡាដែលមានសិក្ខាកាមចំនួន ២៥នាក់ មកពីបណ្ដាលក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ដូចជាក្រសួងកាពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តប៉ៃលិន ។
លោកាបានបន្តថា វគ្គនេះបង្រៀនដោយគ្រូឧទ្ទេស លោកគ្រូ NGUYEN VANCUONG ជាលោកគ្រូបង្វឹកជនជាតិវៀតណាម និងលោកគ្រូ ទេព ជីវសុខុម ជាអាជ្ញាកណ្ដាលអន្ដរជាតិ។ ឆ្លងតាមរយៈការបញ្ចប់វគ្គយើងទទួលបានសិក្ខាមទទួលបាននិទ្ទេសល្អ ៧០ភាគរយ មធ្យម ២០ភាគរយ ខ្សោយ ១០ភាគរយតាមនាមខ្ញុំជាគណៈគ្រប់គ្រងវគ្គ សូមធ្វើការវាយតម្លៃខ្ពស់ សម្រាប់វគ្គនេះពិតជាបានបណ្តុះបណ្តាលធនធាន ដែលមានគុណភាពខ្ពស់សម្រាប់ចូលរួមជាអាជ្ញាកណ្តាល ចៅក្រមកាត់សេចក្ដីក្នុងពេលប្រកួតប្រកបដោយវិជ្ជាជីវៈខ្ពស់ និងដោយការទទួលខុសត្រូវ។


លោក អ៊ូ រតនា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដែលមាន៩ក្រុម មកពីក្រសួង និងរាជធានីខេត្តចូលរួម។លោកសូមវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោម ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបានលើកបង្ហាញទៀតថា កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។


លោកបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមកីឡាវ៉ូវីណាមនាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់៕
ដោយ៖ លី ភីលីព
