ភ្នំពេញ៖ លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅស្តាតចាស់។
លោក ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា សមិទ្ធផលសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍រចនាសម្ព័ន្ធទាំងផ្នែកទន់-រឹង ពិសេសលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យកីឡាគុនខ្មែរ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងមានការគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយអភិវឌ្ឍន៍ប្រដាល់គុនខ្មែរ កាន់តែល្បីល្បាញលើឆាកអន្តរជាតិ នាពេលអនាគត។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលក្រសួងការពារជាតិសម្រេចបាន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ខ្ញុំសូមលើកទឹកចិត្តដោយស្មោះចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលបានខិតខំព្យាយាមយកចិត្តទុកដាក់សាងសង់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ សម្រេចបានជោគជ័យតាមផែនការគ្រោងទុក»។
លោករដ្ឋលេខាធិការបន្ថែមថា សមិទ្ធផលនេះបានបញ្ជាក់ពីគោលជំហររបស់ក្រសួងការពារជាតិ ក្នុងការជំរុញគាំទ្រអភិវឌ្ឍន៍វិស័យកីឡា ក្នុងកងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបាននិយាយថា សមិទ្ធផលសម្រេចបាន ក្នុងការសាងសង់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ។ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបាននិងកំពុងបន្ថយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត មានដូចជា ទឹកន្លែងអង្គុយទស្សនាកីឡាបាល់ទាត់ សាលរដ្ឋបាល ទីកន្លែងចំណតរថយន្ត ចាក់បេតុងផ្លូវព័ទ្ធជុំវិញតារាងបាល់ទាត់ ផ្លូវច្រកចូល និងការតបណ្តាញ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធលូទឹកសំណល់ទៀតផង ។ល។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថាកងយោធពលខេមរភូមិន្ទកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។
ការសម្ពោធសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានធ្វើដំណើរបោះជំហានយ៉ាងស្វាហាប់រយៈពេលជាង ១ឆ្នាំ នាំមកនូវសមិទ្ធផល គួរជាទីមោទនៈជូនជាតិ មាតុភូមិលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា រាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់ ការផ្លាស់ប្តូរលើការងារជាច្រើនទាំងបច្ចេកទេស បទពិសោធន៍ក្នុងការប្រកួតកីឡាដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ៕