កីឡា

ការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ គ្រោងនឹងប្រព្រឹត្តិនៅថ្ងៃទី១ ធ្នូតទៅ

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រត្រកម្ពុជា បានដឹកនាំក្រុមការងារ របស់សហព័ន្ធបានជួបប្រជុំ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការពិនិត្យនិងសម្របសម្រួល កាលបរិច្ឆេទសមស្របសម្រាប់ត្រៀមរៀបចំ ព្រឹត្តិកាណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ។

លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រាប់តាមអនឡាញថា សហព័ន្ធកីឡាទាញព្រត្រកម្ពុជាគ្រោងនឹងរៀបចំ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរល្បែងទាញព្រ័ត្រ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ។

លោកអគ្គលេខាធិការបានបន្តថា គោលបំណងនៃការរៀបចំការប្រកួតកីឡា ទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៥ រួមមានចូលរួមលើកស្ទួយល្បែងទាញព្រ័ត្រ ដែលល្បែងទាញព្រ័ត្រត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ បំផុសវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជា ឲ្យកាន់តែមានភាពផុសផុល ទូលំទូលាយ និងទទួលបានការគាំទ្រចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ។ ជ្រើសរើសកីឡាករ កីឡាការិនីមានសមត្ថភាពឆ្នើមៗ ហាត់ ក្នុងក្រុមជម្រើសជាតិ ធ្វើការប្រមូលផ្តុំហ្វឹក និងត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសត្រៀមឆ្ពោះ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

ការប្រកួតជើងឯកនេះសហព័ន្ធបានដាក់វិញ្ញាសាចំនួន៦ វិញ្ញាសាគឺ វិញ្ញាសាការប្រកួតលក្ខណៈជាក្រុម មាន ៤ វិញ្ញាសា ។ ផ្នែកបុរស៖ ៨នាក់ ទល់ ៨នាក់ ប្រភេទទម្ងន់ ៦០០គីឡូក្រាម និងផ្នែកនារី៖ ៨នាក់ ទល់ ៨នាក់ ប្រភេទទម្ងន់៥០០គីឡូក្រាម។ ផ្នែកបុរស៖ ៤នាក់ ទល់ ៤នាក់ ប្រភេទទម្ងន់ ៣០០គីឡូក្រាម និងផ្នែកនារី៖ ៤នាក់ ទល់ ៤នាក់ ប្រភេទទម្ងន់ ២៥០គីឡូក្រាម ចំណែកវិញ្ញាសាឯកត្តជនមាន២វិញ្ញាសា ៖ផ្នែកបុរស៖១នាក់ ទល់ ១នាក់ ប្រភេទទម្ងន់ ៧៥គីឡូក្រាម និងផ្នែកនារី៖១នាក់ ទល់ ១នាក់ ប្រភេទទម្ងន់ ៦២.៥០គីឡូក្រាម។

លោក ចាប រតនា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ គឺដើម្បី ពង្រឹងសមត្ថភាពបច្ចេកទេស មន្ត្រីអាជ្ញាកណ្តាល និងចៅក្រម លើការអនុវត្តការងារបច្ចេកទេស រៀបចំ និងពង្រឹងសមត្ថភាពអត្តពលិក ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួម និងរៀបចំធ្វើជាម្ចាស់ ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។

ជាទីបញ្ចប់ ក្នុងនាមសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សូមគោរពថ្លែងអំណរគុណដល់រដ្ឋបាល ខេត្តព្រះសីហនុ មន្ទីរជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលតែងតែជួយសម្របសម្រួល និងសហការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិកន្លងមក និងត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលខាងមុខ ប្រកបដោយជោគជ័យនិងជាទីមោទនៈ៕ ដោយ៖លី ភីលីព

Most Popular

To Top