កីឡា

លោក ប៊ុយ សុភ័ណ្ណ បានក្លាយប្រធាន សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩

ភ្នំពេញ ៖ លោក ប៊ុយ សុភ័ណ្ណ បានក្លាយប្រធានសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ខណៈប្រធានសហព័ន្ធ អាណត្តិចាស់ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន តែងតាំងជាប្រធានកិត្តិយស សហព័ន្ធអាណត្តិថ្មី បន្ទាប់សមាជិកគណៈកម្មាធិការ ប្រតិបត្តិ និងបណ្តាក្លិប ជាសមាជិកសហព័ន្ធបោះឆ្នោត ជ្រើសរើសរូបលោក ជាប្រធានថ្មីក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិថ្មី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

មហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិថ្មី នៅថ្ងៃទី២៨ ខែកុម្ភៈ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធអាណត្តិចាស់ លោក វ៉ា វណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋាន កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក កាំង សុធា តំណាងឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក ប៊ុយ សុភ័ណ្ណ បានមានប្រសាសន៍ថា អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹង រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានា ប្រភពធនធាន សមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកល ឲ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជាក្នុង ទិសដៅដណ្តើមមេដាយ ក្នុងការប្រកួតកីឡាកម្រិតតំបន់ទ្វីប និងពិភពលោក ពិសេសឈាន ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿងនៃការប្រកួត កីឡាយុវជនអាស៊ីហ្គេម “Asian Youth Games” លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា ។

ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ “IF” និងបន្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការ ប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់ សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លឹបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លឹប”។

លោកប្រធានថ្មីបានបន្តថា អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកបដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួម ប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផល ត្រៀមការប្រកួតជើងឯកប្រចាំទ្វីបនិងពិភពលោក ការប្រកួតពហុកីឡា រួមមាន៖ ស៊ីហ្គេម “SEA “SEA Games” អាស៊ីហ្គេម “Asian Games” និងអូឡាំពិកហ្គេម “Olympic Games” ។

លោក ប៊ុយ សុភ័ណ្ណបានបន្ថែមថា បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល និង យុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ត្រៀមចូលរួមការ ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រ កម្ពុជា។ អភិវឌ្ឍប្រដាល់សកលអាជីព “Professional Boxing” តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីព ពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកល អាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីព នៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូល បន្ថែមដល់អត្តពលិក ៕

Most Popular

To Top