កីឡា

លោក ប៊ូ ជុំសេរី ជំរុញឲ្យមន្ត្រីវគ្គរៀបចំ គ្រប់គ្រងព្រឹត្តិការណ៍កីឡាខិតខំអភិវឌ្ឍន៍ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកម្រិតអាស៊ាន ២០២៨ និងអាស៊ី ២០២៩

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញលើកទឹកចិត្តដល់មន្ត្រីចូលរួមវគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាឲ្យខិតខំអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានបទពពិសោធក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឲ្យមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ ជាពិសេសគឺការត្រៀមលក្ខណៈទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសបិទវគ្គបំប៉នប្រារព្ធធ្វើឡើងនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៊ូ ជុំសេរី បានគូសបញ្ជាក់ថា ក្នុងនាមអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោកបានអបអរសាទរ និងថ្លែងអំណរគុណចំពោះនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ដែលបានផ្តួចផ្តើមរៀបចំវគ្គបំប៉ននេះឡើង ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្រ្តីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធបម្រើឲ្យការងារកីឡា និងសហព័ន្ធកីឡាជាតិទទួលបានបទពិសោធនៃការរៀបចំព្រឹត្តិការណ៍កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់។

លោកអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមគាំទ្រយ៉ាងច្រើនពី យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ សមិទ្ធផលខាងលើនេះ មិនអាចកាត់ផ្តាច់ចេញបានពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តដឹកនាំ និងរក្សាសុខសន្តិភាពជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឱ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ និងគ្រប់គ្រងការប្រកួតឱ្យបានល្អប្រសើរ ស្របតាមស្តង់ដានៃការរៀបចំការប្រកួត។

ជាមួយគ្នានេះ លោក ធិន វិចិត្រ អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាបានជម្រាបជូនថា វគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៤ ខែមេសា ឆ្នាំ២០២៥។ វគ្គបំប៉នសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ចប់ដោយជោគជ័យ ដោយបានបំពាក់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសំខាន់ៗ ដើម្បីបង្កើនការរៀបចំផែនការ ការអនុវត្ត និងអភិបាលកិច្ចនៃការប្រកួតកីឡា ហើយវគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើផ្នែកសំខាន់ៗដែលមានសារៈសំខាន់ ចំពោះការអភិវឌ្ឍឧស្សាហកម្មកីឡាប្រកបដោយនិរន្តរភាព និងវិជ្ជាជីវៈ។ វគ្គបំប៉នេះផ្តោសំខាន់លើស្តង់ដាការប្រកួតកីឡាលក្ខណៈជ្រើសរើសជើងឯក, អភិបាលកិច្ចល្អក្នុងកីឡា, ការគ្រប់គ្រងព្រឹត្តិការណ៍កីឡា, ការធ្វើទីផ្សារ និងចលនូបត្ថម្ភកីឡា, ឧស្សាហកម្មកីឡា , ស្តង់ដានៃការរៀបចំការប្រកួត, ស្តង់ដាការប្រកួតកីឡាជាតិ, ការចុះឈ្មោះតាមប្រព័ន្ធព័ត៌មានវិទ្យា, អ្នកស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡា, ការយល់ដឹងពីដូប៉ា។

លោក ធិន វិចិត្រ បានបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងការរៀបចំ និងការគ្រប់គ្រងព្រឹត្តិការណ៍កីឡា។ បច្ចុប្បន្ននេះ អ្នកចូលរួមត្រូវបានបំពាក់ដោយជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីបង្កើនអភិបាលកិច្ច ទីផ្សារ ការអនុវត្តព្រឹត្តិការណ៍ និងស្តង់ដារការប្រកួតប្រជែងនៅក្នុងផ្នែករៀងៗខ្លួន។ទៅថ្ងៃអនាគត ពិតជាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តយុទ្ធសាស្ត្រ ចាប់យកភាពជឿនលឿននៃបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍកីឡា តាមរយៈការអនុវត្តការយល់ដឹងដែលទទួលបានអាចរួមចំណែកដល់ឧស្សាហកម្មកីឡាប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព៕

ដោយ៖ លី ភីលីព

Most Popular

To Top