ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីហែលទឹកឆ្នើមថៃ Kamonluck Tungnapakorn ត្រូវបានគេស្គាល់ថា ជា Kaopoon ត្រូវបានបង្ខំឲ្យដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ ត្រឹមតែប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ដែលបានកំណត់របស់នាង បន្ទាប់ពីត្រូវការវះកាត់ដោយសារតែជំងឺមហារីកឆ្អឹងរបស់នាងកាន់តែធ្ងន់ធ្ងរឡើង។
នេះបើយោងតាម Thairath បានចេញផ្សាយថា សមាគមហែលទឹកថៃបានបញ្ជាក់ថា កីឡាការិនីវ័យ ២០ ឆ្នាំរូបនេះត្រូវការវះកាត់ជាបន្ទាន់។ ទោះបីជានាងបានដកខ្លួនចេញក៏ដោយ សមាគមបានប្រកាសថា នាង Kaopoon នឹងរក្សាឋានៈរបស់នាងជាអត្តពលិកក្រុមជម្រើសជាតិក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ មានន័យថា នាងនឹងទទួលបានអត្ថប្រយោជន៍ពេញលេញ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការព្យាបាលរបស់នាង ។
ទុក្ខលំបាករបស់នាង Kaopoon បានចាប់ផ្តើមនៅចុងខែកក្កដា នៅពេលនាងមានអាការៈហើម និងឈឺចាប់នៅថ្គាមរបស់នាង ដែលដំបូងឡើយនាងយល់ច្រឡំថាជាបញ្ហាធ្មេញប្រាជ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើកោសល្យវិច័យបន្ទាប់ពីការថតកាំរស្មីអ៊ិចបានបង្ហាញពីដុំសាច់ឆ្អឹងដ៏សាហាវ ជាជំងឺមហារីកដ៏កម្រមួយ។
ដោយប្រឈមមុខនឹងការធ្វើរោគវិនិច្ឆ័យដែលតម្រូវឲ្យមានការទៅមន្ទីរពេទ្យជារៀងរាល់សប្តាហ៍ នាង Kaopoon បានព្យាយាមធ្វើឲ្យមានតុល្យភាពនៃការព្យាបាលរបស់នាងជាមួយនឹងឆមាសចុងក្រោយនៃសាកលវិទ្យាល័យ និងអាជីពកីឡារបស់នាង។ ដោយប្តេជ្ញាចិត្តមិនបោះបង់ចោល នាងបានសួរគ្រូពេទ្យរបស់នាងថាតើនាងអាចបន្តហ្វឹកហាត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងជើងឯកអាស៊ីនៅប្រទេសឥណ្ឌាបានដែរឬទេ៕
