កណ្តាល៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ អាយុក្រោម ១៥ ឆ្នាំដណ្តើមមេដាយមាសក្នុងការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ នៅទីលានបាល់ទាត់ខេត្តកណ្តាល បន្ទាប់ពីបានយកឈ្នះលើគូប្រកួតលទ្ធផល ៧ ទល់នឹង ៣ដែលជាសកម្មភាពមួយដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

សម្រាប់វិញ្ញាសាក្រុមបាល់ទាត់អាយុក្រោម ១៥ ឆ្នាំ៖ ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ អាយុក្រោម ១៥ ឆ្នាំដណ្តើមបានជើងឯក ក្រោយពីយកឈ្នះលើក្រុមបាល់ទាត់ ស្អាង យើង ស្អាត អាយុក្រោម ១៥ ឆ្នាំ ក្នុងលទ្ធផល ៧ ទល់នឹង ៣ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យក្រុមបាល់ទាត់ ស្អាង យើង ស្អាត អាយុក្រោម ១៥ ឆ្នាំ ទទួលបានជើងឯករង ។ ចំណែកក្រុមបាល់ទាត់ យុវជនស្រុកកណ្តាលស្ទឹងអាយុក្រោម ១៥ ឆ្នាំ ទទួលចំណាត់ថ្នាក់លេខ ៣ ដោយយកឈ្នះលើ ក្រុមបាល់ទាត់ បក្សីក្រហម A អាយុក្រោម ១៥ ឆ្នាំនៅវគ្គផ្តាច់ព្រ័ត្រ ។

ក្រុមបាល់ទាត់ បក្សីក្រហម A ក្រុមបាល់ទាត់ ស្អាង យើង ស្អាត និងក្រុមបាល់ទាត់ យុវជនស្រុកកណ្តាលស្ទឹង ។ ចំពោះក្រុមបាល់ទាត់អាយុក្រោម ១៨ ឆ្នាំបុរសរួមមានក្រុមបាល់ទាត់អាយុក្រោម ១៨ ឆ្នាំបុរសរួមមាន ក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្ត ក្រុមបាល់ទាត់ KK FC និងក្រុមបាល់ទាត់ SCV Football Academy។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ៕


ដោយ៖លី ភីលីព
