កីឡា

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដឹកនាំមន្រ្តី គ្រូបង្វឹក និងក្រុមអត្តពលិកកម្ពុជាចំនួន ២១៥នាក់ បរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងវីរកងទ័ពកម្ពុជា

ភ្នំពេញ៖ បរិច្ចាគឈាម សង្គ្រោះជីវិត!នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំមន្រ្តី គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ២១៥ នាក់លើ ១២ ប្រភេទកីឡាដើម្បីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតប្រជាជនរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវីរកងទ័ពជួរមុខកម្ពុជានៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។

លោក យាន គីស៊ីវត្ថា បានប្រាប់ឲ្យដឹងថា ស្មារតី ទឹកចិត្ត ឆន្ទៈ និងសកម្មភាពរបស់មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជារួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងដំណាក់កាលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការរួបរួម និងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដែលជាខឿនការពារជាតិដ៏រឹងមាំគ្រប់កាលៈទេសៈទាំងអស់។ ថ្ងៃនេះបានចូលរួមជាមួយ “ក្រុមបេះដូងតែមួយ One Heart Team (OHT)” ដែលរួមមាន ដើម្បីជួយដល់វីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិខ្មែរ និងដើម្បីជួយដល់ជនភៀសសឹកដោយសារការបាញ់ប្លោងគ្មានរើសមុខរបស់ទាហានសៀម។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបន្តថា សូមអរគុណចំពោះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ និងសូមកោតសរសើរដល់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនាថ្ងៃទី១នេះ។ សកម្មភាពយ៉ាងផុសផុលរបស់បងប្អូន គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីទឹកចិត្ត និងស្មារតីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅរបស់មហាជនខ្មែរ ដល់បងប្អូនវីរកងទ័ព ក៏ដូចជាស្មារតីអាណិតស្រឡាញ់ចំពោះបងប្អូនជនភៀសសឹក។

ខ្ញុំ ក្រុមការងារ និងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ សូមលើកដៃបួងសួងដល់វត្ថុស័ក្តសិទ្ធិ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសដួងព្រលឹងដូនតាខ្មែរយើង ជួយបីបាច់វីរៈកងទ័ពកម្ពុជាឲ្យមានសុខភាពល្អ មានសុវត្ថិភាព និងឈ្នះលើខ្មាំងសៀមគ្រប់សមរភូមិទាំងអស់៕

ដោយ៖លី ភីលីព

Most Popular

To Top