ភ្នំពេញ៖ លោក តាន់ សុភ័ក្រ្ត ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ក្រុមហ៊ុន CSCEC បានគូសបញ្ជាក់ថា ការប្រកួតនេះត្រូវបានរៀបចំឡើង ដើម្បីបំផុសស្មារតីដល់កីឡាករគ្រប់វ័យចូលរួមប្រកួតដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជារួមចំណែកផលិតធនធានយុវជនកម្ពុជា ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសបើកដំណើរការប្រកួតជាផ្លូវការ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ក្រុមហ៊ុន CSCEC នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីលាន City Sport ច្បារអំពៅ រាជធានីភ្នំពេញ លោក តាន់ សុភ័ក្រ្ត បានលើកឡើងទៀតថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីបំផុសចលនាកីឡាវាយកូនឃ្លីលើតុឱ្យកាន់តែផុសផុល និងផ្តល់ឱកាសដល់កីឡាករគ្រប់វ័យទូទាំងប្រទេបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ការប្រកួតនេះមានកីឡាករមកពីក្លឹបនានាចូលរួមសរុបចំនួន ៨០នាក់មកពី១៦ក្រុមផ្សេងៗគ្នា ដោយមិនបែងចែកវ័យនោះទេ។

ប្រធានគណៈកម្មការរៀបចំបានបន្ថែមថា តាមពិតកីឡាករផ្សេងៗទៀតចង់ចូលរួមប្រកួតច្រើនជាង៨០នាក់ ដោយសារតែការប្រកួតនេះមានតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ដូច្នេះគណៈកម្មការរៀបចំមិនអាចទទួលការចូលរួមច្រើនជាងនេះបាន។ ជាមួយគ្នានេះ តាមរយៈព្រឹត្តិការណ៍ប្រកួតនេះ លោកបានចាត់ទុកថា ពានរង្វាន់នេះ គឺជាការរួមចំណែកដ៏ធំមួយជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងការបំផុសដល់កីឡាករទូទៅ ជាពិសេសគឺយុវជនបានចូលរួមបង្ហាញគុណភាពបច្ចេកទេសរបស់ខ្លួន ក្នុងន័យដ៏សំខាន់ក្នុងការផលិតធនធានកីឡាករវ័យក្មេងរួមចំណែកជាមួយសហព័ន្ធ ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំកម្រិតយុវជនទ្វីបអាស៊ីទាំងមូល ដោយមាន៤៥ប្រទេសចូលរួម។

លោក តាន់ សុភ័ក្រ្ត បានសង្កត់ធ្ងន់ថា ថ្វីដ្បិតការប្រកួតនេះជាពានរង្វាន់ក្រុមហ៊ុនក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍នេះនឹងជួយជំរុញបន្ថែម ក្នុងការលើកកម្ពស់ដល់កីឡាករទូទៅ ជាពិសេសយុវជនបានកសាងសមត្ថភាពឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ក៏ដូចជាព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ។ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ CSCEC ឆ្នាំ២០២៥នេះមានកីឡាករយុវជនចូលរួមប្រមាណ ៥០ទៅ៦០%ដែរ។ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍រូបនេះបានគូសបញ្ជាក់ថា ការប្រកួតនេះគ្រោងនិងរៀបចំឡើងជារៀងរាល់ឆ្នាំ៕



ដោយ៖លី ភីលីព
