កីឡា

ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ១១ គ្រឿង នៃការប្រកួតកីឡា កាយសម្ព័ន្ធជើង ឯកថ្នាក់ជាតិ និង ពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីដណ្តើមបានមេដាយ ១១ គ្រឿង ខណៈក្រុមកីឡាកាយសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង គ្រងតំណែងជើងឯករង ដោយដណ្តើម បានមេដាយ ៨ គ្រឿង ក្នុងការប្រកួត កីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥ ដែលរៀបចំ ដោយសហព័ន្ធកីឡា កាយសម្ព័ន្ធ កម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ២០២៥។

លោក ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសvកកម្មពិសេស និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ផាត់ បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឺកហ្វឹនកីឡា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន និងតំណាងក្រសួងការពារជាតិ និងក្រសួង មហាផ្ទៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធី “បិទ” ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥ នៅសាលហ្វឹកហាត់សហព័ន្ធដំបូលទូកនៃពហុកីឡដ្ឋានជាតិ ។

ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៦ គ្រឿង ក្រុមកីឡាកាយសម្ព័ន្ធ ខេត្តកំពង់ឆ្នាំងដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ក្រុមកីឡាកាយសម្ព័ន្ធ ខេត្តក្រចេះ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាកាយសម្ព័ន្ធ ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង។
ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥ ទទួលបាននូវលទ្ធផលល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ ជាលទ្ធផល កីឡាករឥកីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ បានខិតខំតស៊ូព្យាយាមហ្វឹកហាត់ គោរពវិន័យបានល្អ យកចិត្តទុកដាក់ ស្តាប់ការពន្យល់ បង្ហាត់បង្រៀនរបស់គ្រូបង្វឹក និងដោយមាន ការយកចិត្តទុកដាក់ ពីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាពិសេសថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ។

លោក ណយ ផាណា បានមានប្រសាសន៍ថា ក្នុងនាមលោកបណ្ឌិតប្រធាន សហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលបានចូលរួមប្រកួតកីឡា កាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះ ដោយគោរពតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបនាំឲ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតចប់។

លោកបណ្ឌិតប្រធាន បានលើកទឹកចិត្ត ឲ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់បទ ពិសោធន៍បច្ចេកទេស ពីរាល់ការប្រកួតជាលក្ខណៈអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និង បទពិសោធន៍ទាំងនេះ មកបង្ហាត់បង្រៀន ដល់កីឡាករ-កីឡាការិនី របស់យើងឲ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ឆ្ពោះទៅកាន់កីឡាអាស៊ីយុវជនឆ្នាំ២០៣១ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ ផ្ទះនាពេលខាងមុខ និង សូមឲ្យសហព័ន្ធខិតខំបំផុស មហាជនឱ្យ ស្រឡាញ់ ចូលចិត្តហាត់ហ្វឹកហ្វឺន កីឡាកាយសម្ព័ន្ធបន្ថែមទៀត នៅតាមរាជធានី ខេត្ត។

លោកអគ្គលេខាធិការ បានបន្តថា បើគិតចាប់ពីពេលនេះ រហូតដល់កីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេស ម៉ាឡេស៊ី មានរយៈពេល២ឆ្នាំ ដោយឡែកសម្រាប់កីឡា អាស៊ីយុវជន ឆ្នាំ២០៣១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះយើងមានរយៈពេល៥ ទៅ៦ឆ្នាំតែប៉ុណ្ណោះ។ ដើម្បីឱ្យប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព កម្រិតខ្ពស់ ទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួត លើឆាកអន្តរជាតិនានា ។ ជាពិសេសការត្រៀម លក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិ និងហ្គេមនានាក្នុងឆ្នាំ២០២៦ និងធ្វើជាម្ចាស់ផ្ទះកីឡា យុវជនអាស៊ីឆ្នាំ២០៣១៕

Most Popular

To Top